(ភ្នំពេញ)៖ គណបក្សសង្រ្គោះជាតិ បានរៀបចំក្បាលម៉ាស៊ីន គណៈកម្មការជំនាញចំនួន១០ សម្រាប់សមាជិកសភារបស់ខ្លួន ដើម្បីឃ្លាំមើលសកម្មភាពរាជរដ្ឋាភិបាល។ លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សនេះ បាននិយាយថា គណៈកម្មការនេះគឺដូចជារដ្ឋាភិបាលស្រមោលមួយ ដែលនឹងក្លាយជា​ គណៈរដ្ឋមន្រ្តីពិតប្រាកដនៅពេល ដែលគណបក្សសង្រ្គោះជាតិឈ្នះឆ្នោត។

ប៉ុន្តែទោះជាយ៉ាងណា លោក ផៃ ស៊ីផាន អ្នកនាំពាក្យ ទីស្តីការគណៈរដ្ឋមន្រ្តីពិតប្រាកដ បានចាត់ទុកថា ការបង្កើតរដ្ឋាភិបាលស្រមោលនេះ គឺជាការស្រមើលស្រមៃ របស់គណបក្សសង្រ្គោះជាតិ ហើយខុសនឹងច្បាប់បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។

លោក ផៃ ស៊ីផាន បានថ្លែងប្រាប់ អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា «គ្រាន់តែជាការឃោសនា ដើម្បីឱ្យអ្នកព័ត៌មានក៏ដូចជាសាធារណជន ចាប់អារម្មណ៍ទៅលើខ្លួនប៉ុណ្ណោះ។ វាដូចជាគ្មានសារសំខាន់សម្រាប់ជាតិទេ»។ លោកបានបន្ថែមថា «ការបង្កើតហ្នឹង គឺខុសទៅនឹងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា»

លោកបានបន្ថែមថា គណបក្សប្រឆាំងតែងតែនិយាយថា ឈ្នះឆ្នោតរាប់សិបឆ្នាំហើយ ប៉ុន្តែធាតុពិតមិនដែលធ្វើបានដូចអ្វី ដែលខ្លួនឯងនិយាយកន្លងមកនោះទេ។ លោកក៏បានព្រមានផងដែរថា តំណាងរាស្រ្តគួរតែធ្វើការនៅក្នុងសភា មិនមែនយកថវិកា សភាមកប្រើដើម្បីគណបក្សខ្លួនឯងនោះទេ។

ក្នុងសន្និសីទសារព័ត៌មាន នៅស្នាក់ការកណ្តាលគណបក្ស នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញ បន្ទាប់ពីបោះឆ្នោតជ្រើសរើសអ្នកដឹកនាំ គណៈកម្មការជំនាញថ្មីទាំង១០នោះ លោក សុន ឆ័យ បានអះអាងយ៉ាងដូច្នេះថា គណបក្សសង្រ្គោះចង់ឱ្យគណៈកម្មការនោះ ក្លាយជារដ្ឋាភិបាលស្រមោល ដែលជារចនាសម្ព័ន្ធគណៈរដ្ឋមន្រ្តី នៅពេលគណបក្សសង្រ្គោះជាតិឈ្នះឆ្នោត។

លោកថា «យើងចង់បង្កើតឱ្យទៅជារដ្ឋាភិបាលស្រមោលមួយ រដ្ឋាភិបាលស្រមោលនោះ ត្រូវទទួលរងនូវការចោទប្រកាន់ ដោយមិនសមហេតុផល ព្រោះរដ្ឋាភិបាលស្រមោលត្រូវបានរៀបចំ អនុវត្តជាទូទៅ នៅក្នុងប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យ បែបសភានិយមដូចប្រទេសកម្ពុជាយើង» ។ លោកបន្តថា «គេហៅរដ្ឋាភិបាលត្រៀម បើចាញ់ឆ្នោតយើងនៅតែត្រៀមអញ្ចឹងទៅ ដូចដែលសម្តេចនាយករដ្ឋមន្រ្តី គាត់ហៅ នាយករដ្ឋមន្រ្តី ឧទាហរណ៍អញ្ចឹង ប៉ុន្តែបើយើងឈ្នះ អ្នកដែលត្រៀមនោះនឹងក្លាយជារដ្ឋមន្រ្តី យើងមិនអាចបំពេញភារកិច្ច ជូនជាតិឱ្យមានប្រសិទ្ធភាព ដោយយើងមិនគិតគូរពីពេលឥឡូវទេ»