(ភ្នំពេញ)៖ លោកវរសេនីយ៍ត្រី ឯក សេរីវុធ អធិការរងនគរបាលយុត្តិធម៌ខណ្ឌជ្រោយចង្វារ បានឲ្យភ្នាក់ងារ Fresh News ឲ្យដឹងថា កម្លាំងនគរបាលខណ្ឌរបស់លោក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ព្រែកលាប បានបង្ក្រាបជាក់ ស្ដែងនូវករណីរក្សាទុកនិងប្រើប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនជន ត្រូវសង្ស័យជា បន្តបន្ទាប់ចំនួន៤នាក់ បន្ថែមទៀត ហើយដកហូតបានថ្នាំញៀន២កញ្ចប់និងម៉ូតូ២គ្រឿង។

លោក ឯក សេរីវុធ បានបញ្ជាក់ថាកម្លាំងរបស់យើង បានបង្ក្រាបនិងឃាត់ខ្លួនជនប្រើប្រាស់ គ្រឿងញៀននេះ ត្រូវបានធ្វើឡើងនៅយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

លោក ឯក សេរីវុធ បានបញ្ជាក់ទៀតថា ជនញៀនថ្នាំត្រូវ ឃាត់ខ្លួនទី១-ឈ្មោះវន ស្រស់ ភេទប្រុស អាយុ១៦ឆ្នាំ ទី២ -ឈ្មោះគង់ សម្បត្តិ ភេទប្រុស អាយុ៣៦ឆ្នាំ ជនត្រូវជាប់សង្ស័យទាំង២នាក់មានមុខរបរជាកម្មករឡឥដ្ឋដូចគ្នា ស្នាក់នៅ ភូមិបឹងជន្លេន ឃុំព្រែកតាម៉ាក់ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ទី៣-ឈ្មោះមុខ ចាន់ថន ភេទប្រុស អាយុ២៣ឆ្នាំ និង ទី៤-ឈ្មោះសា ពន្លក ភេទប្រុស អាយុ១៦ឆ្នាំ ជនត្រូវជាប់សង្ស័យទាំង២នាក់មានមុខរបរជាអ្នកបើកអេស្កាវ៉ាទ័រដូចគ្នា និងស្នាក់នៅភូមិវិហ៊ារសួរ ឃុំវិហារសួរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

លោក ឯក សេរីវុធ បានបន្ថែមថា កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ជានិច្ចជាកាល តែងតែដាក់គោល ដៅជាប្រចាំឈរជើងយាមល្បាត ពួនស្ទាក់ដោយសហការ និងកម្លាំងសមត្ថកិច្ចតាមមូលដ្ឋានប៉ុស្ដិ៍នីមួយៗ ដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសក្នុងភូមិសាស្ត្រ ខណ្ឌរបស់ខ្លួនដោយខិតខំប្រឹងប្រែង «អនុវត្តន៍ តាមបទបញ្ជាពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនិងជា ស្នងការនគរបាលរាជធានី ភ្នំពេញ ដើម្បីពង្រឹងលើបញ្ហាសន្តិសុខ ភូមិ-សង្កាត់ មានសុវត្ថិភាព»

ជាក់ស្តែងនៅយប់មិញនេះ កម្លាំងនគរបាលយើងបានបន្ត ល្បាតទើបប្រទះឃើញ បក្ខពួកមួយក្រុមជិះម៉ូតូ២គ្រឿង មានគ្នា៤នាក់ ដោយគួរសង្ស័យក៏ឃាត់សួរនាំ ដើម្បីត្រួតពិនិត្យជាបន្តបន្ទាប់ បានរកឃើញក្រាមពណ៍ថ្លា ជាប្រភេទម៉ាទឹកកក ចំនួន២កញ្ចប់ដែលក្រុមទាំងនេះ បានរក្សាទុកនូវនិងខ្លួនត្រៀម យកទៅប្រើប្រាស់រួមគ្នាទើបឈាន ដល់ការបង្ក្រាបនិងឃាត់ខ្លួន តែម្ដងនិងដកហូតមធ្យោបាយ ធ្វើដំណើរមានម៉ូតូចំនួន២គ្រឿងផងដែរ ។

បច្ចុប្បន្ន ជនត្រូវសង្ស័យពាក់ព័ន្ធករណីប្រើប្រាស់នូវសារធាតុញៀនទាំង៤នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅសាកសួរបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំនុំរឿងបញ្ជូន ទៅកាន់អយ្យការសាលា ដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធីច្បាប់៕