(តូក្យូ)៖ ទីក្រុង ណាហ្គាសាគី នៃភាគនិរតីប្រទេសជប៉ុនបានធ្វើពិធីរំលឹកខួប ៧១ឆ្នាំនៃការទម្លាក់គ្រាប់ បែកបរមាណូរបស់សហរដ្ឋអាមេរិក ខណៈដែលអ្នកប្រាជ្ញចិនហៅពិធីនោះថា ជាការរំលឹកប្រវត្តិសាស្ត្រ ឈ្លានពានរបស់អតីតចក្រពត្តិជប៉ុន ទៅដល់ប្រជាជនទៅវិញ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃអង្គារ ទី០៩ ខែសីហា ឆ្នាំ២០១៦។

ពិធីខាងលើនេះ តែងតែប្រារព្ធធ្វើឡើងនៅរៀងរាល់ថ្ងៃទី០៩ ខែសីហា ជារៀងរាល់ឆ្នាំនៅឯឧទ្យានសន្តិភាពកណ្តាលទីក្រុង ណាហ្គាសាគី ដើម្បីរំលឹកវិញ្ញាណក្ខន្ធប្រជាជនស្លូតត្រង់ជប៉ុនរាប់សែន នាក់ដែលបានស្លាប់ដោយសារតែការទម្លាក់គ្រាប់បែក បរមាណូរបស់សហរដ្ឋអាមេរិក កាលពីអំឡុងចុង សង្គ្រាមលោកលើកទីពីរក្នុងឆ្នាំ ១៩៤៥។

ខណៈដែលជប៉ុនកំពុងតែប្រារព្ធពិធី មិនថាតែឆ្នាំនេះទេគឺអ្នកប្រាជ្ញនិងអ្នកជំនាញនយោបាយព្រមទាំង ប្រវត្តិវិទូចិន ក្នុងនាមជាប្រទេសធ្លាប់រងគ្រោះធ្ងន់ធ្ងរមួយ ដោយសារតែការឈ្លានរបស់ទ័ពជប៉ុន ក្នុងសម័យសង្គ្រាមនោះ បានហៅពិធីខាងលើនេះថា ជាការរំលឹកភាពឈឺចាប់សម្រាប់ប្រទេសជិតខាង ដែលធ្លាប់ស្ថិតក្រោមការឈ្លានដ៏យង់ឃ្នងរបស់ជប៉ុន។

គួរបញ្ជាក់ថាទីក្រុង ណាហ្គាសាគី ជាទីក្រុងទីពីរនៅជប៉ុន ដែលបានទទួលរងគ្រាប់បែកបរមាណូទម្លាក់ ដោយសហរដ្ឋអាមេរិក កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩៤៥ ដែលវារំលងតែរយៈបីថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអាមេរិកបានទម្លាក់គ្រាប់បែកនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា។ ចំនួនមនុស្សស្លាប់ក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា គឺចន្លោះពី ៩០,០០០នាក់ ទៅ ១៤៦,០០០នាក់ ឯទីក្រុងណាហ្គាសាគីវិញគឺ ពីចន្លោះ ៣៩,០០០ ទៅ ៨០,០០០នាក់៕