(ភ្នំពេញ)៖ លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦នេះថា ឯកសណ្ឋាន​អត្តពលិក​របស់​ក្រុម​កម្ពុជា ​បានជាប់​ឈ្មោះ​ជា​ឯកសណ្ឋាន​ស្អាត​ជាង​គេ​ ទាំង​២៤ប្រទេស ​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​ចូល​រួម​ទាំង​អស់ ចំនួន​ជាង​២០០​ប្រទេស ​អំឡុង​ពេល​បើក​កម្មវិធី​អូឡាំពិក​ កាល​ពី​ថ្ងៃ​ទី​៥ ​ខែ​សីហា ​ឆ្នាំ​២០១៦​កន្លង​ទៅ។

ឯកសណ្ឋាន​ពណ៌​ស្វាយ អម​ជាមួយ​ការ​ស្លៀក​ពាក់​បែប​សាមញ្ញ​ផង​នោះ ក្នុង​កម្មវិធី​បើក​អូឡាំពិក​ក្រុម​កម្ពុជា​ ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ខណៈ​ដែល​ស្លៀកពាក់​បែប​នេះ​មើល​ទៅ​ប្លែក​និង​ខុស​គេ​ផង​ដែរ។ យោងតាមព័ត៌មាន Telegraph ​បាន​សរសេរ​និង​ហៅ​ការ​ស្លៀកពាក់​របស់​កម្ពុជា​ថា ​មាន​របៀប​រៀប​រយ សាមញ្ញ ​តែ​ពោរពេញ​ដោយ​សេចក្ដី​ថ្លៃថ្នូរ និង​តំណាង​ឱ្យ​មាន​សម្បូរសប្បាយ​ថែម​ទៀត​ផង។

លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអះអាងថា នេះគឺជាមោទនភាពរបស់ជាតិយើងទាំងអស់គ្នា ព្រោះត្រូវបានអន្តរជាតិលើក តម្កើនសរសើរវប្បធម៌របស់យើង ជាមួយនឹងការស្លៀកពាក់ប្រកបដោយទន់ភ្លន់, លោកបន្តថា ការប្រកួតចាញ់ឈ្នះជាបញ្ហាសំខាន់មួយ ប៉ុន្តែការទទួលបានជោគជ័យលើ សម្លៀកបំពាក់ប្រកបដោយសេចក្តីថ្លៃថ្នូរនេះជា ការលើកទឹកចិត្តមួយដល់កីឡាកររបស់យើងយ៉ាងខ្លាំង ក្នុងនាមប្រទេសមួយដែលមានឯករាជ្យភាពពិតប្រាកដ និងមានភាពស្មើមុខ ស្នើសិទ្ធិ នៅលើឆាកអន្តរជាតិ។

ប្រធានគណៈកម្មាធិការជាតិអូឡាពិកកម្ពុជា បានសម្តែងនូវសេចក្តីសង្ឃឹមថា កីឡាករ-កីឡាការិនី របស់កម្ពុជា នឹងអាចដណ្តើមជ័យជំនះនៅក្នុងការប្រកួតអូឡាពិក Olympic 2016 នៅទីក្រុង Rio ប្រទេសប្រេស៉ីលនេះ ជូនប្រទេសជាតិរបស់យើងទាំងអស់គ្នា៕