(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុន Microsoft Operation Pte Ltd ជាបុត្រសម្ព័ន្ធរបស់ Microsoft Corporation ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦នេះ បានចុះអនុស្សារណៈយោគយល់ (MoU) ដើម្បីជំរុញ និងអនុវត្តកិច្ចសហប្រតិបត្តិការ នៅលើវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា និងគមនាគមន៍ (ICT)។

ពិធីចុះ MoU នេះ បានធ្វើឡើងក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកស្រី មីឆែល ស៊ីមម៉ុន (Michael Simmons) នាយកគ្រប់គ្រងទីផ្សារថ្មីរបស់ក្រុមហ៊ុន Microsoft ។

លោករដ្ឋមន្ដ្រី ប៉ាន សូរស័ក្តិ ថ្លែងរៀបរាប់អំពីសារៈសំខាន់នៃ ICT ដែលបានសម្រួលគ្រប់ផ្នែកនៃការរស់នៅរបស់ប្រជាពលរដ្ឋ ដូចជាការធ្វើទំនាក់ទំនងប្រចាំថ្ងៃ ការប្រកបការងារ និងអាជីវកម្ម ពិសេស កិច្ចសហការនេះ នឹងរួមចំណែកដល់ការអភិវឌ្ឍ ICT និងធ្វើឲ្យប្រជាជនកម្ពុជាទទួលបានអត្ថប្រយោជន៍ ពីបច្ចេកវិទ្យា និងកម្មវិធីកុំព្យូទ័រដែលទំនើប និងមានគំនិតឆ្នៃប្រឌិតខ្ពស់។

លោករដ្ឋមន្ដ្រីបន្ដថា «យើងរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ពីកិច្ចសហការបស់យើង ជាមួយក្រុមហ៊ុន Microsoft តាមរយៈការរៀបចំព្រឹត្តិការណ៍អប់រំ និងផ្សព្វផ្សាយយ៉ាងច្រើនរួមមាន ការដាក់ឲ្យប្រើប្រាស់នូវបច្ចេកវិទ្យា ការផ្សព្វផ្សាយពីការប្រើប្រាស់កម្មវិធីស្របច្បាប់ (Genuine) និងមិនមានមេរោគ ការអប់រំពីសុវត្ថិភាពនៃប្រព័ន្ធកុំព្យូទ័រ និងអ៉ីនធឺណិត (Cybersecurity) និងការណែនាំអំពីបច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើបៗចុងក្រោយ ពិសេសក្រសួងពាណិជ្ជកម្ម នឹងសហការជាមួយក្រុមហ៊ុន Microsoft ដើម្បីអនុវត្តគម្រោងមួយឈ្មោះថា Translator HUB-Khmer ដែលជាកម្មវិធីមួយមានគោលបំណង កំចាត់នូវរបាំងភាសា តាមរយៈការបកប្រែភ្លាមៗ ពីភាសាមួយទៅភាសាមួយទៀត នៅលើការទំនាក់ទំនងដែលប្រើប្រព័ន្ធអ៉ីនធឺណិត»។

លោករដ្ឋមន្ត្រីបន្ដថា ចំពោះអត្ថប្រយោជន៍នៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន គឺបច្ចេកវិទ្យាបែបនេះ នឹងជួយសម្រួល ព្រមទាំងលុបបំបាត់របាំងជូនធុរជន និងវិនិយោគិន ក្នុងការប្រាស្រ័យទាក់ទងទៅវិញទៅមក ព្រមទាំងជួយពង្រឹងសមត្ថភាពកម្ពុជា ក្នុងការប្រកួតប្រជែង និងទាញយកឱកាសទាំងឡាយ ដែលផ្ដល់ជូនដោយការធ្វើសមាហរណកម្មនៅក្នុងតំបន់មួយនេះ។

លោកស្រី មីឆែល ស៊ីមម៉ុន បានថ្លែងថា «បេសកម្មរបស់យើង គឺបង្កើតអំណាចជូនដល់បុគ្គល និងស្ថាប័ន ក្នុងការសម្រេចលទ្ធផលកាន់តែច្រើន ហើយយើងជឿជាក់ថាកិច្ចសហការរបស់យើងជាមួយក្រសួងពាណិជ្ជកម្មនឹងជួយពង្រឹង ICT ឲ្យក្លាយជាសសរស្តម្ភនៃការអភិវឌ្ឍ និងការប្រកួតប្រជែងរបស់ប្រជាជនកម្ពុជា»។

អនុស្សារណៈយោគយល់ (MoU) ដែលចូលជាធរមានថ្ងៃនេះ មានចំនួន ១០មាត្រា ហើយបានកំណត់ពីតួនាទី និងការទទួលខុសត្រូវរបស់ស្ថាប័នទាំងពីរសម្រាប់កិច្ចសហការល្អ​។ វាបញ្ជាក់ច្បាស់ពីចេតនារបស់ភាគីទាំងពីរ ក្នុងការរក្សាកិច្ចពិគ្រោះយោបល់ ដើម្បីចងក្រងផែនការនៃកិច្ចសហប្រតិបត្តិការច្បាស់លាស់ និងអនុវត្តកិច្ចសហការ តាមដែលអាចធ្វើទៅបាន និងប្រកបដោយសុចរិតភាព។ ពាក់ព័ន្ធជាមួយគម្រោង Translator Hub-Khmer ក្រសួងពាណិជ្ជកម្មមានកាត្វកិច្ចរៀបចំធនធានមនុស្ស ដើម្បីវាយចូលទិន្នន័យជាឃ្លា ប្រយោគយ៉ាងតិច ១០ម៉ឺនឃ្លា ទាំងជាភាសាខ្មែរ និងអង់គ្លេសទន្ទឹមគ្នា ដែលនឹងត្រូវប្រើប្រាស់ជាគំរូសម្រាប់ការបកប្រែនៅក្នុងប្រព័ន្ធកុំព្យូទ័រ ព្រមទាំងផ្តល់នូវទីកន្លែងចាំបាច់ ដើម្បីរៀបចំសិក្ខាសាលា។

ស្របគ្នានេះក្រុមហ៊ុន Microsoft មានកាត្វកិច្ចរៀបចំសិក្ខាសាលានៅទីកន្លែង ដើម្បីបណ្តុះបណ្តាលសិស្ស និងសាស្ត្រាចារ្យ និងអំពីរបៀបប្រើប្រាស់កម្មវិធីបកប្រែ ដើម្បីវាយបញ្ជូលឃ្លាជាភាសាខ្មែរ ព្រមទាំងបង្ហាត់បង្ហាញ ដល់អ្នកសរសេរកម្មវិធី។

លើសពីនេះ ក្រុមហ៊ុនក៏នឹងធ្វើការជាមួយក្រសួងដើម្បីពង្រឹងប្រព័ន្ធបរិស្ថាន ICT និងធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ដោយធ្វើកិច្ចសហការជាមួយអ្នកបង្កើតកម្មវិធីកុំព្យូទ័រ ក្រុមហ៊ុនបង្កើតថ្មីៗ អ្នកអប់រំ តាមរយៈការប្រើប្រាស់ធនធាន Microsoft សម្រាប់យុវជន​ និងការចាប់ផ្តើម (YouthSpark និង BizSpark) ការទាញយកអត្ថប្រយោជន៍ពីអ្នកអប់រំរបស់ Microsoft ដែលមានគំនិតច្នៃប្រឌិតខ្ពស់ និងកម្មវិធីសុខុមាលភាពរបស់ Microsoft ព្រមទាំងផ្តល់ការណែនាំមួយចំនួនលើគោលការណ៍ និងការអនុវត្តល្អៗទាក់ទងនឹង ICT រួមមាន៖ ការរក្សាទិន្ន័យកុំព្យូទ័រលើវេហា (Cloud Computing) កម្មសិទ្ធិបញ្ញា និងពាណិជ្ជកម្មតាមបែបអេឡិចត្រូនិក៕