(ព្រៃវែង)៖ លោក ស សុខា តំណាងរាស្ដ្រវ័យក្មេងមណ្ឌលព្រៃវែង បានថ្លែងថា «ក្រុមការងារ បានលក់អាវយឺនបានចំនួន២០លានរៀល នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាដណ្ដើមពានរង្វាន់ សម្ដេចក្រឡាហោម ស ខេង ដែលថវិកាទាំងនេះនឹងយកទៅជួយកុមារកំព្រា»

បើយោងតាមFacebook ផ្លូវការរបស់លោក នៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦នេះ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារូបនេះ បានបញ្ជាក់ថា «ពិតជានឹកស្មានមិនដល់ថា បងប្អូនបានទិញអាវយឺតក្នុងព្រឹត្តិការណ៍ប្រកួតកីឡាដណ្ដើមពានរង្វាន់ សម្ដេចក្រឡាហោម ស ខេង រហូតដល់បានថវិកាចំនួន២០លានរៀលដូច្នេះទេ។​ ថវិកានេះ នឹងយកទៅទិញសម្ភារផ្សេងៗ ដើម្បីឧបត្ថម្ភតាមមណ្ឌលកុមារកំព្រាទាំងអស់ក្នុងខេត្តព្រៃវែង»

ក្នុងនោះលោកបានបន្ថែមថា «២០លានរៀលនេះ យើងនឹងចែកទៅដល់៤មណ្ឌលកុមារកំព្រា ដែលគាត់មានការខ្វះខាត ជួយឧបត្ថម្ភតាមលក្ខណៈមុនដែលយើងអាចទៅរួចដូចជា អង្ករ សៀវភៅ និងសម្ភារមួយចំនួនទៀត»។ លោកបានបន្ដថា ទឹកប្រាក់២០លានរៀលនេះ លោកនឹងប្រគល់ភរិយារបស់លោក ដើម្បីធ្វើការចាត់ចែង ចែកដល់កុមារកំព្រាទាំង៤មណ្ឌលនេះ។ ជាចុងក្រោយ លោក ស សុខា សូមថ្លែងអំណរគុណ ចំពោះសណ្ដានចិត្តរបស់សប្បុរសជនទាំងអស់ ដែលចូលរួមក្នុងទិញអាវនេះ៕