(រុស្ស៊ី)៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បាននិងកំពុងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីហើយ ដើម្បីជួបទល់មុខគ្នាជាលើកដំបូងជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន នៅទីក្រុង St Petersburg បន្ទាប់ពីប្រទេសទាំងពីរបានទទួលរងភាពប្រេះស្រាំលើចំណងមិត្តភាព ដោយសារតួកគីបានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី នៅព្រំដែនជាប់ស៊ីរីកាលពីខែវិច្ឆិកា ឆ្នាំ២០១៥។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន CNN នារសៀលថ្ងៃអង្គារ ទី០៩ ខែសីហា ឆ្នាំ២០១៦។

ដូចដែលឃើញស្រាប់ហើយថា ទំនាក់ទំនងរវាងប្រទេសតួកគី និងបណ្តាប្រទេសអឺរ៉ុប ព្រមទាំងអាមេរិក បានកកស្ទះបាត់ទៅហើយ បន្ទាប់ពីរដ្ឋប្រហារបរាជ័យ ខណៈមេខ្លោង​ដែល​តួកគីចោទ ថា ជាអ្នកដុតឲ្យមានរដ្ឋប្រហារកំពុងស្ថិតនៅអាមេរិកនៅឡើយ ប៉ុន្តែតួកគី ដែលធ្លាប់រកាំរកុះជាមួយរុស្ស៊ី កាលពីឆ្នាំមុននោះបានបោះចោលភាពហ្មងសៅ នឹងគ្រោងទៅរឹតចំណង​ជាមួយក្រុង​មូស្គូឡើងវិញ។

មន្ត្រីតួកគីបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក Erdogan ទៅកាន់ទីក្រុង St-Petersburg របស់ប្រទេសរុស្ស៊ីនោះ គឺមិនមែនជាសញ្ញា ដែលបេក្ខភាពសមាជិកណាតូ និងសហភាពអឺរ៉ុប កំពុងតែត្រឡប់ទៅរកលោកខាងលិចវិញនោះទេ ប៉ុន្តែវាជាសញ្ញាថាយើងកំពុងឆ្ពោះទៅរករុស្ស៊ី ដែលវាបានកើតឡើងតាំងពីប៉ុន្មានសប្តាហ៍ក្រោយរដ្ឋប្រហារថ្ងៃទី១៥ ខែកក្កដា មកម្ល៉េះ។

យ៉ាងណាក៏ដោយប្រទេសតួកគីក៏បានសូមអភ័យទោស ចំពោះរុស្ស៊ីរួចរាល់ហើយដែរ ក្រោយពីការបាញ់ ទម្លាក់យន្តហោះចម្បាំងរុស្ស៊ីនៅព្រំដែនស៊ីរីកាលពី ៩ខែមុន។ ទំនាក់ទំនងរបស់ប្រទេស​តួកគីជាមួយ អឺរ៉ុប បានប្រែជាតានតឹង ខណៈដែលអាល្លឺម៉ង់ និងអូទ្រីស បានបង្ហាញជំហរដាច់ខាតមិនទទួលយក តួកគីជាសមាជិកអឺរ៉ុបនោះឡើយ។

គួរបញ្ជាក់តាមសម្តីរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់បានលើកឡើងថា «យើងគ្មានមូលដ្ឋានសម្រាប់ការ ពិភាក្សាគ្នានោះទេ ព្រោះយើងហាក់កំពុងនិយាយជាមួយតំណាងមកពី ភពពីរផ្សេងគ្នា​ដូច្នោះ​ឯង​»។ ការនិយាយបែបនេះ គឺចង់សំដៅទៅលើទង្វើរបស់ប្រទេសតួកគីក្រោយរដ្ឋប្រហារ ដែលអឺរ៉ុបបានហៅថា ជាការរំលោភសិទ្ធិមនុស្សទាំងកម្រោល ថែមទាំងការគ្រោងបង្កើតច្បាប់​ប្រហារជីវិតឡើង​វិញ ដែលរឿងនេះ អឺរ៉ុបកាន់តែមិនអាចទទួលយកបានទៀត៕