(សេអ៊ូល)៖ កូរ៉េខាងជើង បានបញ្ជាឲ្យបេសកកម្មការទូតរបស់ខ្លួន ធ្វើការដុតរោលជម្លោះរវាងការដាក់ពង្រាយប្រព័ន្ធ ការពារគ្រាប់មីស៊ីលរបស់កូរ៉េខាងត្បូង THAAD ជាមួយនឹងប្រទេសចិន ដើម្បីឲ្យទំនាក់ទំនងប្រទេសទាំងពីរនេះកាន់តែអាប់អួរ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារ ព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង នារសៀលថ្ងៃអង្គារ ទី០៩ ខែសីហា ឆ្នាំ២០១៦។

របាយការណ៍ខាងលើនេះដែរ គឺកូរ៉េខាងត្បូងទទួលបានដោយសម្ងាត់ពីកូរ៉េខាងជើង ដោយក្នុងនោះមន្ត្រីកិច្ចផ្ទៃក្នុង របស់ទីក្រុងព្យុងយ៉ាង បានទទួលបញ្ជាពី ថ្នាក់ដឹកនាំកំពូល ឲ្យប្រាប់ទៅ​បណ្តាបេសកកម្មការ​ទូតរបស់កូរ៉េខាងជើងនៅបរទេស ធ្វើការដុតរោលជម្លោះរវាងចិន-កូរ៉េខាងត្បូង និង ចិន-អាមេរិក ជុំវិញគំរោងដាក់ពង្រាយប្រព័ន្ធការពារ គ្រាប់មីស៊ីល THAAD នៅលើទឹកដីកូរ៉េ​ខាងត្បូង រួចទីក្រុងព្យុងយ៉ាងនឹងអង្គុយរង់ចាំទទួលផលតែប៉ុណ្ណោះ។

ព័ត៌មានសម្ងាត់ខាងលើនេះបានបញ្ជាក់ទៀតថា «ក្រសួងការបរទេសកូរ៉េខាងជើង កាលពីពេលថ្មីៗនេះបានបង្កើតផែនការ មួយសម្រាប់បណ្តាស្ថានទូត និងកុងស៊ុលរបស់ខ្លួននៅក្រៅប្រទេសអនុវត្តន៍ ក្នុងនោះគឺការបំផុសឲ្យអន្តរជាតិដឹងថា ប្រព័ន្ធ THAAD កំពុងតែគំរាមកំហែងដល់កូរ៉េខាងជើង និងសន្តិសុខនៅតំបន់អាស៊ីភាគឦសានទាំងមូល។ ស្ថានទូត និងស្ថានកុងស៊ុលកូរ៉េខាង​ជើងទាំងអស់ បានទទួលបញ្ជាឲ្យធ្វើការ បំប៉ោងព្រឹត្តិការណ៍នេះឡើងទៀតផង»

គួរបញ្ជាក់ថា គំរោងបំពាក់ប្រព័ន្ធ THAAD ដែលទិញពីសហរដ្ឋអាមេរិក ត្រូវបានរដ្ឋាភិបាលកូរ៉េខាងត្បូងអនុម័តជា ផ្លូវការកាលពីមួយខែមុន បើទោះបីជាមានការ ជំទាស់ពីប្រទេសជិត​ខាងទាំងអស់ក៏​ដោយ។ ប្រទេសចិនតែឯង បានរិះគន់យ៉ាងខ្លាំងចំពោះផែនការនេះ ហើយថាវាពិតភាពឈឺចាប់ខ្លាំងណាស់ ចំពោះការបង្កប៉ះពាល់ដល់ផល ប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ចិន៕

Advertising