(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវីធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ និងនគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦នេះ បានបន្តយុទ្ធនាការចុះត្រួតពិនិត្យជនបររទេស ដែលលួចឆ្លងដែន និងកំពុងលួចស្នាក់នៅគ្មានលិខិតឆ្លងដែន ធ្វើការងារខុសច្បាប់ នៅការដ្ឋានសំណង់ (CSCEC) ក្នុងបរិវេណបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជាលទ្ធផល ត្រូវបានលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវីធី បញ្ជាក់ថា ជនបរទេសចំនួន១៧៤នាក់ត្រូវបានធ្វើការឃាត់ខ្លួន យកទៅសួរនាំ។

លោកឧត្តមសេនីយ៍ទោបានបន្តថា «ការត្រួតពិនិត្យឃើញជនបរទេសចំនួន១៧៤នាក់ ស្រីចំនួន៧នាក់ មាន២សញ្ជាតិ ចិនចំនួន១៦៧នាក់ ស្រីចំនួន៧នាក់។ វៀតណាមចំនួន៧នាក់ គ្មានលិខិតឆ្លងដែន ចិនចំនួន៧៦នាក់ គ្មានលិខិតឆ្លងដែន»។

លោកបន្តទៀតថា ក្រោយការសួរនាំកម្លាំងរបស់លោក បាននាំយកមនុស្សចំនួន៨៣  នាក់ស្រីចំនួន២នាក់ វៀតណាមចំនួន៧នាក់ និងលិខិតឆ្លងដែនចិន-វៀតណាមចំនួន ២៣៧ក្បាល ដកយកមកអគ្គនាយកដ្ឋាន ដើម្បីធ្វើការផាកពិន័យតាមច្បាប់។

បើតាមលោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា យុទ្ធនាការចុះត្រួតពិនិត្យការស្នាក់នៅ និងការធ្វើការរបស់ជនជាតិបរទេសក្នុងប្រទេសកម្ពុជា ជាពិសេស នៅក្នុងរាជធានីភ្នំពេញតែម្តង កម្លាំងនគរបាលរបស់លោកក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងធ្វើឡើងជាបន្តបន្ទាប់ដូចភ្លៀងរលឹម ដាច់ខាតមិនឲ្យ មានការស្នាក់នៅ និងធ្វើការសុខច្បាប់នោះឡើយ៕