(ព្រៃវែង)៖ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃមន្ទីរសុខាភិបាលខេត្តព្រៃវែងទាំងអស់ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦នេះ បានប្រកាសគាំទ្រទាំងស្រុង នូវលិខិតចំហររបស់ ក្រសួងសុខាភិបាល ដែលចេញប្រតិកម្មភ្លាមៗ ទៅលើលិខិតមិត្តអ្នកអានមួយ «ក្រសួងខ្លះភ្ញាក់រឭក ខណៈសុខាភិបាលសម្ងំដេក» ដែលសរសេរក្នុងកាសែតភ្នំពេញប៉ុស្តិ៍។

ការចេញប្រតិកម្មនេះ បានបញ្ជាក់ថា មន្ទីរមិនទទួលយកជាដាច់ខាត ចំពោះពាក្យថា «សុខាភិបាលសម្ងំដេក» ព្រោះសព្វថ្ងៃថ្នាក់ដឹកនាំមន្ទីរ មន្រ្តីរាជការសុខាភិបាល វេជ្ជបណ្ឌិត គ្រូពេទ្យ ទន្តបណ្ឌិត ទន្តពេទ្យ ឳសថការី គិលានុបដ្ឋាកយិកា ពេទ្យឆ្មប និងបុគ្គលិកសុខាភិបាលខេត្តព្រៃវែងទាំងអស់ បាននិងកំពុងខិតខំប្រឹងប្រែងបំពេញភារកិច្ច តាមតួនាទីរៀងៗខ្លួន យ៉ាងសកម្ម និងហ្មត់ចត់ ដើម្បីផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុខសុវត្ថិភាព និងគោរពក្រមសីលធម៌វិជ្ជាជីវៈ ទាំង២៤ម៉ោងលើ២៤ម៉ោង គ្មានថ្ងៃសម្រាក គ្មានថ្ងៃបុណ្យ គ្មានថ្ងៃលំហែកាយទេ។

មន្ទីរក៏បានសំណូមពរឱ្យអ្នករិះគន់ទាំងឡាយ ត្រូវងាកមកមើលហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល នៅថ្នាក់ជាតិ មានមន្ទីរពេទ្យជាតិធំៗច្រើនណាស់, នៅថ្នាក់ខេត្ត ក៏មានមន្ទីរពេទ្យខេត្តគ្រប់ខេត្ត, នៅថ្នាក់ស្រុក បានសាងសង់មន្ទីរពេទ្យបង្អែកស្រុក សឹងគ្រប់ស្រុក, នៅថ្នាក់ឃុំ បានសាងសង់មណ្ឌលសុខភាព សឹងគ្រប់ឃុំ រួចរាល់ផងដែរ។ ចំណែកសំភារបរិក្ខារពេទ្យ ក្រសួងបានខិតខំបំពាក់សំភារទំនើបៗ បានយ៉ាងច្រើន, ផ្នែកឳសថ ក្រសួងក៏មានគ្រប់គ្រាន់ សម្រាប់ព្យាបាលសុខភាព ជូនប្រជាពលរដ្ឋដែរ។

មន្ទីរសុខាភិបាលខេត្តព្រៃវែង បានបញ្ជាក់ទៀតថា សព្វថ្ងៃមន្ទីរមានវេជ្ជបណ្ឌិត គ្រូពេទ្យ ទន្តបណ្ឌិត ទន្តពេទ្យ ឳសថការី គិលានុបដ្ឋាកយិការ ឆ្មប និងបុគ្គលិកសុខាភិបាល ចំនួន១,២០០នាក់, មានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ចំនួន១២កន្លែង, មានមន្ទីរពេទ្យខេត្ត ចំនួន១កន្លែង, មានមន្ទីរពេទ្យបង្អែកស្រុក ចំនួន១១កន្លែង, មានមណ្ឌលសុខភាព ចំនួន១១៣កន្លែង និងមានប៉ុស្តិ៍សុខភាពចំនួន៥កន្លែង ដែលបាននិងកំពុងផ្តល់សេវាសុខភាព ជូនប្រជាពលរដ្ឋទូទៅខេត្តព្រៃវែង ប្រមាណជាង១លាននាក់ ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕