(មណ្ឌលគិរី)៖ មន្រ្តីរាជការរួមទាំងក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បាននាំគ្នាសម្ដែងនូវការគាំទ្រទាំងស្រុង ចំពោះលិខិតចំហររបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ ឆ្លើយតបទៅលិខិតមិត្តអ្នកអានដែលចុះផ្សាយ ដោយសារព័ត៌មាន ភ្នំពេញប៉ុស្តិ៍។ មន្ត្រីនៃមន្ទីរសុខាភិបាល ខេត្តមណ្ឌលគិរី បានឃើញនូវអត្ថបទចុះផ្សាយ របស់កាសែតភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ ដែលមានចំណងជើងថា «ក្រសួងខ្លះភ្ញាក់រលឹក ខណៈក្រសួងសុខាភិបាលសម្ងំដេក»។

ក្រោយអានអត្ថបទនេះ ក្រុមការងាររបស់មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានពិនិត្យយ៉ាងយកចិត្តទុកដាក់ លើខ្លឹមសារទាំងស្រុង ហើយបានធ្វើការ បដិសេធដាច់ខាតពាក្យថា «សុខាភិបាលសម្ងំដេក» ​ដោយហេតុថា មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ព្រមទាំងមន្រី្ត និងបុគ្គលិកសុខាភិបាលទាំងអស់ បាននឹងកំពុងខិតខំបំពេញភារកិច្ចបំរើសេវាសុខភាព ដល់ប្រជាជនប្រកបដោយគុណភាព​ និងក្រមសីលធម៌ខ្ពស់។

ម្យ៉ាងទៀតក្រសួងសុខាភិបាល ក៏បានលើកទឹកចិត្ត និងសំណូមពរដល់បុគ្គលិក ​មន្ត្រីសុខាភិបាលទាំងអស់ បន្តខិតខំប្រឹងប្រែងផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ​ជាពិសេសខិតខំបង្កើននូវចំណេះដឹង ចំណេះធ្វើរបស់ខ្លួន តាមរយៈការបណ្តុះបណ្តាលបន្តថែមទៀត។

ប្រធាន អនុប្រធាន ​មន្រ្តីក្រោមឱវាទ នៃមន្ទីរសុខាភិបាល ខេត្តមណ្ឌលគិរី ទាំងអស់បានប្តេជ្ញាគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល គោរពម៉ោងពេលធ្វើការងារ មានការយាមកាម២៤ម៉ោង លើ២៤ម៉ោង គោរពក្រមសីលធម៌វិជ្ជាជីវៈពេទ្យបានត្រឹមត្រូវ មានសាមគ្គីភាពផ្ទៃក្នុង ជម្រុញការផ្តល់សេវាប្រកបដោយគុណភាព ជូនដល់ប្រជាពលរដ្ឋ និងខិតខំប្រឹងប្រែងរៀនសូត្រ បង្កើនសមត្ថភាពរបស់ខ្លួន អ្នកចេះជួយបង្រៀនអ្នកមិនចេះ និងអ្នកប្រកបវិជ្ជាជីវៈសេវា​ឯកជន សូមគោរពច្បាប់ឲ្យបានត្រឹមត្រូវ ព្រមទាំងមិនគិតលុយ​ធំជាង អាយុជីវិតរបស់ប្រជាពលរដ្ឋនោះឡើយ។

នេះជាលទ្ធផលដោយសង្ខេបខ្លីរបស់មន្ទីរសុខភិបាលខេត្តមណ្ឌគិរី ទី១-សម្រាប់ក្រមសីលធម៏វិជ្ជាជីវៈ ត្រូវបានកែប្រែជាបណ្តើរៗ ដោយមានកិច្ចខំប្រឹងប្រែងរបស់លោកសាស្រ្តាចារ្យ ធា គ្រុយ ដែលជាប្រធានគណៈគ្រូពេទ្យជាតិ និងតំណាងអោយក្រសួងសុខាភិបាល បាននឹងកំពុងមមាញឹកចុះផ្សព្វផ្សាយ តាមដានយ៉ាងយកចិត្តទុកដាក់ ជាប្រចាំខែ ប្រចាំត្រីមាស ឆមាស និងឆ្នាំ ទី២-សម្រាប់សេវាសាធារណៈនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព ប្រជាពលរដ្ឋពេញចិត្ត ពេញថ្លើម ក្នុងការមកទទួលនូវសេវានេះ អត្រាប្រើប្រាស់គ្រែលើសចំនួនកំណត់ជារៀងរាល់ថ្ងៃ ទី៣-សម្រាប់ការទប់ស្កាត់ការរីករាលដាលជំងឺឆ្លង មន្ទីរសុខាភិបាល បានអនុវត្តន៏តាមគោលនយោបាយក្រសួង ដោយបានបង្កើតក្រុមឆ្លើយតបបន្ទាន់ ហើយជាលទ្ធផលក្រុមការងារ បានទប់ស្កាត់ទាន់ពេល ទី៤-សម្រាប់សេវាឯកជន ការទប់ស្កាត់សេវាខុសច្បាប់ តាមទិសដៅរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល មន្ទីរបានចុះពិនិត្យ អនុវត្តន៏វិធានការ ផ្លូវច្បាប់ កសាងសំណុំរឿងទៅតុលាការ ចំពោះសេវាណាមិនគោរពច្បាប់។ ចំណែកការបណ្តុះបណ្តាលសម្រាប់សេវាឯកជន តាមរយៈគណៈគ្រូពេទ្យខេត្ត បានបង្ហាញនូវករណីគ្លីនិកជារៀងរាល់៣ខែម្តង។​

​ជារួមមន្ទីរសុខាភិបាល និងមន្ត្រីគ្រប់លំដាប់ថ្នាក់ បានខិតខំប្រឹងប្រែងទាំងកម្លាំងកាយ កម្លាំងចិត្ត គ្រប់កាលៈទេសៈទាំងអស់ ខុសពីការពិតរបស់ការសែតភ្នំពេញប៉ុស្តិ៍ បានចុះផ្សាយនូវព័ត៌មានមិនពិត និងមានចរិកលក្ខណៈ បន្ទោសបង្អាប់ វិស័យសុខាភិបាល នៅកម្ពុជា៕

Advertising