(កំពង់ឆ្នាំង)៖ បន្ទាប់ពីមានការប្រកាសពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន​ សែន ឲ្យអាជីវករទាំងអស់នៅ «ផ្សារលើខេត្តកំពង់ឆ្នាំង» បន្តលក់ដូរនៅទីនោះរហូតដល់ឆ្នាំ២០៤០, ក្រុមអាជីវករបានថ្លែងប្រាប់ក្រុមការងាររបស់អង្គភាព Fresh News ដែលកំពុងនៅទីនោះផ្ទាល់ឲ្យដឹងថា ក្រុមអាជីវករនៅផ្សារលើខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណយ៉ាងអនេកចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ពេលសម្រាប់ ពួកគាត់លក់ដូរបាន ច្រើនឆ្នាំបន្តទៀត។ លើសពីនោះពួកគាត់បានប្រកាសគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំកំពូលរបស់ប្រទេសកម្ពុជាជារៀងរហូត។

នៅព្រឹកថ្ងៃនេះ បន្ទាប់ពីមានការសំណូមពរពីអាជីវករ ផ្សារលើខេត្តកំពង់ឆ្នាំង ស្នើសុំឲ្យសម្តេចតេជោ ហ៊ុន សែន ជួយបន្តអាណត្តិលក់ដូរនៅទីនោះ ឲ្យបានយូរនោះ នៅទីបំផុតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសឲ្យអាជីវករទាំងអស់អាចលក់ដូរ នៅក្នុងផ្សារលើខេត្តកំពង់ឆ្នាំងនេះ រហូតដល់ឆ្នាំ២០៤០ឆ្នាំ។

សម្តេចបានប្រកាសនៅក្នុងពេលដែលសម្តេចជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃសាលាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦នេះ។ ការប្រកាសបែបនេះរបស់សម្តេចតេជោ ហ៊ុន​ សែន ធ្វើឡើងបន្ទាប់ពីក្រុមអាជីវករបានសំណូមពរដល់សម្តេចតេជោ ខណៈដែលសម្តេចអញ្ជើញចូល រួមសំណេះសំណាលនៅក្នុងផ្សារ។

សម្តេចតេជោ ហ៊ុន សែន បានចាត់ឲ្យអភិបាលខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំខេត្តនានាចាត់ចែងការងារនេះជូនអាជីវករផ្សារ។

តាមអាជីវករបានឲ្យដឹងថា ផ្សារលើខេត្តកំពង់ឆ្នាំងនេះជារបស់ឯកជន ដែលនឹងផុតអាណត្តិនៅឆ្នាំ២០២៥, ដោយចាប់ផ្តើមតាំងពីឆ្នាំ២០០៧ ដល់ឆ្នាំ២០២៥, ប៉ុន្តែនៅពេលនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចថា បន្ទាប់ពីចប់អាណត្តិរដ្ឋនឹងយកផ្សារនេះមកគ្រប់គ្រង ហើយឲ្យអាជីវករបន្តលក់ដូរនៅទីនេះបន្តទៀត រហូតដល់ឆ្នាំ២០៤០៕