(ភ្នំពេញ)៖ ចាប់ម៉ោង៦ព្រឹក ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ រដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោក រស់ សុភ័ក្ត អភិបាលរង បានបន្តយុទ្ធនាការចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវជាតិលេខ១ ក្នុងនោះបានឃាត់រថយន្តធុនធ្ងន់ គ្រប់ប្រភេទដែលចរាចរ ខុសម៉ោងកំណត់ និងពុំមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ តាមគោលការណ៍ណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ និងបានឃាត់រថយន្ត តាក់ស៊ីដែលចាប់ម៉ូយគ្មានសណ្តាប់ធ្នាប់ នៅចំណុចគល់ស្ពានព្រះមុនីវង្សមករក្សាទុកនៅរដ្ឋបាលខណ្ឌ ដើម្បីធ្វើការអប់រំណែនាំ និងរង់ចាំចំណាត់ការបន្ត។

លោក រស់ សភ័ក្រ បានបញ្ជាក់ថា នេះមិនមែនទើបតែអនុវត្តនោះទេ យុទ្ធនាការចាប់រថយន្ត ធន់ធ្ងន់បើកបរល្មើសបំរាម របស់សាលារាជធានីភ្នំពេញ ដែលបើកឆ្លងកាត់ការដ្ឋាន ស្ថាបនាកំណាត់ផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ គឺគណៈបញ្ជាការឯកភាព ខណ្ឌបានធ្វើជាបន្តបន្ទាប់ មានម្ចាស់រថយន្តធន់ធ្ងន់មួយចំនួនបានអនុវត្តតាមដោយបង្វែរទិសសម្រាប់ធ្វើចរាចរ និងម្ចាស់រថយន្ត មួយចំនួនទៀត ឆ្លៀតឱកាសបើកឆ្លងកាត់ តំបន់ហាមឃាត់ បង្កការកកស្ទះចរាចរ រំខានដល់ការដ្ឋានស្ថាបនា ផ្លូវជាតិលេខ១ ។

សកម្មភាពបើកបរល្មើសបំរាម របស់សាលារាជធានីភ្នំពេញ និងមិនអនុវត្តតាមការណែនាំ របស់អាជ្ញាធរខណ្ឌនេះហើយ ទើបគណៈបញ្ជាការឯកភាព ខណ្ឌបានបើកយុទ្ធនាការ រៀងរាល់ថ្ងៃចុះចាប់រថយន្តធន់ធ្ងន់ ដែលបើកបរឆ្លងកាត់ការដ្ឋានផ្លូវ ជាតិលេខ១ក្នុងម៉ោងហាមឃាត់ ។

លោក រស់ សុភ័ក្រ អភិបាលរងខណ្ឌដែលដឹកនាំ កម្លាំងចុះចាប់រថយន្តធុនធំ បានឲ្យដឹងថា គឺអនុវត្តតាមសេចក្តីជូនដំណឹង របស់សាលារាជធានីភ្នំពេញ អោយមានប្រសិទ្ធភាព និងទទួលបញ្ជាពី លោកអភិបាលខណ្ឌ គណៈបញ្ជាការឯកភាពខណ្ឌ បានបើកយុទ្ឋនាការចុះចាប់ឃាត់រថយន្តធុនធំគ្រប់ ប្រភេទ ដោយធ្វើការណែនាំដល់ម្ចាស់អ្នកបើកបររថយន្តធំៗ មិនឲ្យបើកបរឆ្លងកាត់ការដ្ឋាន ផ្លូវជាតិលេខ១ ចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង១១ថ្ងៃត្រង់, ពេលរសៀលចាប់ពីម៉ោង១ រហូតដល់ម៉ោង ៥និង៣០នាទីល្ងាច ។

ជាការកត់មួយរយៈកន្លង ទៅមានម្ចាស់រថយន្តធុនធ្ងន់មួយចំនួន បានបង្វែរទិសធ្វើចរាចរ ហើយមានម្ចាស់រថយន្តមួយចំនួនទៀតមិនអនុវត្តតាម និងធ្វើឲ្យប្រជាពលរដ្ឋរិះគន់ចំៗ មកលើអាជ្ញាធរខណ្ឌដោយសារ រថយន្តធុនធំទាំងនោះបង្កការកកស្ទះចរាចរ រំខានដល់ក្រុមការងារ ស្ថាបនាផ្លូវជាតិ ក៏ដូចអ្នកដំណើរតាមម៉ូតូ ។

លោកអភិបាលរងបន្តថា គណៈបញ្ជាការឯកភាពមិនចង់រំខាន ដល់ការធ្វើអាជីវកម្មដឹកជញ្ជូន ទំនិញនោះទេ តែបើមិនធ្វើទេ ម្ចាស់រថយន្តដឹកទំនិញទាំងនោះនៅតែល្មើសបំរាមដដែល ដូច្នេះហើយត្រូវតែ មានវិធានការតឹងរ៉ឹង ពិតណាស់ថា យុទ្ធនាការនេះជួបនូវបញ្ហាប្រឈមខ្លះៗ ដោយសារថយន្តដឹកទំនិញធំៗ រថយន្តដឹកដី-ដឹកខ្សាច់ ភាគច្រើនថៅកែជាអ្នកមានលុយ មានឥទ្ធិពល មានអំណាច ក៏ត្រូវតែធ្វើដែរព្រោះនេះ ជាគោលការណែនាំ របស់សាលារាជធានីភ្នំពេញ ក្នុងគោលបំណងពង្រឹងការងារ សណ្តាប់ធ្នាប់ចរាចរនៅចន្លោះ ការដ្ឋានស្ថាបនាផ្លូវជាតិលេខ១ ។

លោក រស់ សុភ័ក្រ ក្នុងនាមគណៈបញ្ជាការឯកភាព ខណ្ឌស្នើសុំឲ្យម្ចាស់រថយន្តធន់ធំ គ្រប់ប្រភេទចូលរួមអនុវត្ត តាមការណែនាំ របស់សាលារាជធានីភ្នំពេញ និងសាលាខណ្ឌច្បារអំពៅ និងសូមចូលរួមលប់បំបាត់ វប្បធម៍អន្តរាគមន៍ បើនៅតែរបៀបនេះសមត្ថកិច្ចថ្នាក់ក្រោម ពិបាកធ្វើការណាស់និយាយឲ្យខ្លីបាក់ទឹកចិត្ត ពេលចុះបំពេញការងារ ៕

Advertising