(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានពន្យល់ប្រាប់អង្គភាព Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែសីហានេះថា កម្ពុជាបានសិក្សារយៈពេល៣ឆ្នាំ អំពីការដំឡើងថ្លៃសំបុត្រចូលទស្សនាអង្គរ ហើយរយៈពេល២២ឆ្នាំមកនេះ ទើបនឹងមានការដំឡើងថ្លៃសំបុត្រចូលទស្សនា ម្តងប៉ុណ្ណោះ។ លោកថា សម្រាប់ភ្ញៀវបរទេសវិញ ពួកគាត់មិនបានជំទាស់ ឬតវ៉ា អំពីការដំឡើងថ្លៃនេះទេ។

លោក ថោង ខុន បានបញ្ជាក់ថា តាំងពីឆ្នាំ១៩៩៤មក សំបុត្រចូលទស្សនាប្រសាទអង្គរវត្ត មានតម្លៃត្រឹម២០ដុល្លារប៉ុណ្ណោះ សម្រាប់ភ្ញៀវទេសចរបរទេសនីមួយៗ ហើយបើគិតរហូតដល់ពេលនេះ មានរយៈពេល២២ឆ្នាំហើយ។ ដោយតម្លៃពីមុន២០ដុល្លារសម្រាប់មួយថ្ងៃ, ៤០ដុល្លារសម្រាប់៣ថ្ងៃ និង៦០ដុល្លារសម្រាប់១សប្តាហ៍។

លោករដ្ឋមន្រ្តីបានបន្តថា អង្គរជាតំបន់ទេសចរណ៍ល្បីនៅលើពិភពលោក។ អង្គរជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញ និងទាក់ទាញបំផុត ហើយការចូលទៅតំបន់អង្គរ មិនមែនទស្សនាតែប្រាសាទអង្គរវត្តតែមួយទេ គឺទស្សនាបានទាំងអស់ ២២ប្រាសាទឯណោះ តម្លៃមិនថ្លៃនោះទេ។

លោកបានបន្ថែមថា ទីភ្នាក់ងារភ្ញៀវទេសចរបរទេស បានគាំទ្រទៅនឹងការដំឡើងថ្លៃសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត នៅក្នុងប្រទេសកម្ពុជា ហើយពួកគេថា តម្លៃដែលបានដាក់នោះមិនថ្លៃនោះទេ។ លោកបានបន្ថែមថា លុយទាំងនោះក៏ប្រៀបដូចជាលុយសប្បុរសធម៌ដែរ ដោយ២ដុល្លារ សម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ ក្រៅពីនោះក៏បានយកទៅជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្តសៀមរាបផងដែរ។

សូមជំរាបថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចដំឡើងតម្លៃលក់ប័ណ្ណ ចូលទស្សនារមនីយដ្ឋានអង្គរ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះ ហើយតម្លៃ ប័ណ្ណដែលលក់ឲ្យ ភ្ញៀវទេសចរបរទេសម្នាក់ត្រូវដក២ដុល្លារ ដើម្បីបញ្ចូលក្នុងមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។ ប្រភេទប័ណ្ណដែលចូលទស្សនាមាន៣ប្រភេទ ដែលទី១-ចូលទស្សនា១ថ្ងៃ មានតម្លៃ៣៧ដុល្លារ, ទី២-ចូលទស្សនា៣ថ្ងៃ មានតម្លៃ៦២ដុល្លារ ដែលមានសុពលភាពរយៈពេល១០ថ្ងៃ និងទី៣-តម្លៃ ៧២ដុល្លារ ចូលទស្សនាបាន៧ថ្ងៃ មានសុពលភាពរយៈពេល៣០ថ្ងៃ៕