(អាមេរិក)៖ ក្រុមហ៊ុនអាកាសចរណ៍ Delta នៅថ្ងៃនេះ បានប្រកាសឲ្យដឹងថា នឹងផ្ដល់សំណង ២០០ដុល្លារអាមេរិក ដល់​អតិថិជនទាំងអស់ ក្រោយពេលប្រព័ន្ធកុំព្យូទ័ររបស់ក្រុមហ៊ុន​គាំងមិនដំណើរការ (ដាច់ភ្លើង) នៅថ្ងៃចន្ទម្សិលមិញនេះ។ នេះ​បើយោងតាមការចេញផ្សាយនៅលើគេហទំព័របស់ក្រុមហ៊ុន Delta នៅថ្ងៃទី០៩ ខែសីហា។

ក្រុមហ៊ុន Delta បានបញ្ជាក់ថា ក្រុមហ៊ុននឹងផ្ដល់ជាប័ណ្ណទូទាត់សាច់ប្រាក់សម្រាប់ហោះហើរ ដែលមានតម្លៃ ២០០ដុល្លារអាមេរិក ដល់​អតិថិជន​ទាំងឡាយណា ដែលបានចំណាយពេលច្រើនជាង ៣ម៉ោង ក្នុងការរង់ចាំការពន្យាពេលជើងហោះហើរ ឬលុបចោល​ជើងហោះហើរ។

យោងតាមព័ត៌មានចុងក្រោយបានបញ្ជាក់ឲ្យដឹងថា មានជើងហោះហើរ​ចំនួន ៦៥០ ត្រូវបានលុបចោល និង​ច្រើនជាង ២,៤០០ ត្រូវបានពន្យាពេលក្រោយពីមានបញ្ហាប្រព័ន្ធកុំព្យូទ័រ។

គួរបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃទី០៨ ខែសីហាម្សិលមិញនេះ ប្រព័ន្ធកុំព្យូទ័ររបស់ក្រុមហ៊ុន Delta ជាប់គាំងមិនដំណើរ​ការ ជាហេតុធ្វើឲ្យក្រុមហ៊ុនផ្អាក​ជាបណ្ដោះអាសន្ន​នូវ​ជើងហើរជុំវិញពិភពលោក ហើយប៉ុន្មានម៉ោងក្រោយមក ជើងហោះ​ហើរ​មួយចំនួន​ត្រូវបានដំណើរការឡើងវិញ៕

Advertising