(កំពង់ឆ្នាំង)៖ បន្ទាប់ពីមានការសំណូមពរពីអាជីវករ ផ្សារលើខេត្តកំពង់ឆ្នាំង ស្នើសុំឲ្យសម្តេចតេជោ ហ៊ុន សែន ជួយបន្តអាណត្តិលក់ដូរនៅទីនោះឲ្យបានយូរនោះនៅទីបំផុតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសឲ្យអាជីវករទាំងអស់​ អាចលក់ដូរនៅក្នុងផ្សារលើ ខេត្តកំពង់ឆ្នាំងនេះ រហូតដល់ឆ្នាំ២០៤០ឆ្នាំ។

សម្តេចបានប្រកាសនៅក្នុងពេល​ដែល សម្តេចជួបសំណេះសំណាល​ ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃសាលាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦នេះ។

ការប្រកាសបែបនេះរបស់សម្តេចតេជោ ហ៊ុន​ សែន ធ្វើឡើងបន្ទាប់ពីក្រុមអាជីវករ បានសំណូមពរដល់សម្តេចតេជោ ខណៈដែលសម្តេចអញ្ជើញចូល រួមសំណេះសំណាលនៅក្នុងផ្សារ។​ សម្តេចតេជោ ហ៊ុន សែន បានចាត់ឲ្យអភិបាលខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំខេត្តនានា​ ចាត់ចែងការងារនេះជូនអាជីវករផ្សារ។

តាមអាជីវករបានឲ្យដឹងថា ផ្សារលើខេត្តកំពង់ឆ្នាំងនេះជារបស់ឯកជន ដែលនឹងផុតអាណត្តិនៅឆ្នាំ២០២៥, ដោយចាប់ផ្តើមតាំងពីឆ្នាំ២០០៧ ដល់ឆ្នាំ២០២៥, ប៉ុន្តែនៅពេលនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចថា បន្ទាប់ពីចប់អាណត្តិរដ្ឋនឹងយកផ្សារនេះមកគ្រប់គ្រង ហើយឲ្យអាជីវករបន្តលក់ដូរនៅទីនេះបន្តទៀតរហូតដល់ឆ្នាំ២០៤០៕

 

Advertising