(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយនាដើមសប្តាហ៍នេះ ដោយអំពាវនាវឲ្យ រដ្ឋាភិបាលយោធាថៃឡង់ដ៍ ធ្វើការបើកទូលាយសេរីភាពជូនជនស៊ីវិលឡើងវិញ បន្ទាប់ពីប្រជាជាតិអាស៊ានមួយនេះ បានអនុម័តលើសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី ដើម្បីត្រៀមរៀបចំការបោះឆ្នោតក្នុងឆ្នាំ ២០១៧នោះ។ នេះបើតាមការចេញ ផ្សាយនៅមុននេះបន្តិច ដោយ Channel News Asia នាព្រឹកថ្ងៃអង្គារ ទី០៩ ខែសីហា ឆ្នាំ២០១៦។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Elizabeth Trudeau បានប្រាប់ក្នុងបទសង្ខេបព័ត៌មានប្រចាំថ្ងៃចន្ទ ក្នុងរដ្ឋធានីវ៉ាស៊ីនតោនថា «សហរដ្ឋអាមេរិក បានលើកឡើងពីការព្រួយបារម្ភនានា អំពីសេចក្តីព្រាងនៃរដ្ឋធម្មនុញ្ញថ្មី ជាមួយនឹងរដ្ឋាភិបាលថៃ»។ សហរដ្ឋអាមេរិក បានអំពាវនាវឲ្យប្រទេសថៃធ្វើការបើកទូលាយដល់រដ្ឋាភិបាលស៊ីវិល ឡើងវិញ ដែលវាជាសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា ប្រទេសថៃកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ បានបញ្ចប់នូវការបោះឆ្នោតធ្វើប្រជាមតិលើសេចក្តីព្រាង រដ្ឋធម្មនុញ្ញថ្មី ដោយក្នុងនោះប្រជាជនជាង ៦០ភាគរយឯណោះបានបង្ហាញការគាំទ្រចំពោះអ្វីដែលរដ្ឋាភិបាលយោធា បានបង្កើតឡើង។ ក្នុងជំពូក និងមាត្រា មួយចំនួនដែលត្រូវបានកែសម្រួលពីរដ្ឋធម្មនុញ្ញចាស់នោះ គឺបង្ហាញពីសិទ្ធិ និងអំណាចរបស់យោធាខ្លាំងជាងមុនក្នុងស្ថាប័នធំៗរបស់រដ្ឋ ចាប់ពីព្រឹទ្ធសភា ឬសូម្បីតុលាការ ដែលវានឹងជាឱកាស ឲ្យយោធាធ្វើអន្តរាគមន៍ដោះស្រាយបញ្ហាជាតិ ដែលរដ្ឋាភិបាលស៊ីវិលមិនអាចធ្វើបានល្អ៕