(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការពារជាតិបានឲ្យដឹងថា លោក RYAMIZARD RYACUDU រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌូនេស៊ី នឹងបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជារយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី ១១ ខែ សីហានេះ។

តាមកម្មវិធីគ្រោងទុក​ នៅថ្ងៃទី១០ ខែសីហា វេលាម៉ោង៩ព្រឹក រដ្ឋមន្រ្តីក្រសួងការពារជាតិ របស់ឥណ្ឌូនេស៊ី នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។ រហូតដល់រសៀលថ្ងៃដដែល វេលាម៉ោង១៦៖០០នាទី រដ្ឋមន្រ្តីក្រសួងការពារជាតិ ឥណ្ឌូនេស៊ី នឹងដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសមចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព៕