(ភ្នំពេញ​​)​៖ តុលាការ​កំពូល​បង្គាប់​មក​ប្រធាន​ពន្ធនាគារ​ព្រៃ​ស​ម១​ ឲ្យ​នាំ​ខ្លួន​លោក​ អ៊ុំ សំអាន​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ឲ្យ​ចូលរួម​​សវនាការ​ នា​ព្រឹក​ថ្ងៃ​ទី​១០​ ខែ​សីហា​ស្អែកនេះ ។

យោង​តាម​ដីកា​របស់​តុលាការ​កំពូល​ បង្ហាញ​ថា​ លោក​ អ៊ុំ សំអាន​ ជាប់​ចោទ​ពី​បទ​ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​ (​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​)​ និង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ​ និង​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​អំឡុង​ឆ្នាំ​២០១៥​ រហូត​ដល់​ថ្ងៃ​ទី​១០​ ខែ​មេសា​ ឆ្នាំ​២០១៦​»

មន្ត្រី​តុលាការ​កំពូល​ បញ្ជាក់​ថា​ សវនាការ​នេះ​ គឺ​ផ្តោត​សំខាន់​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ដែល​ប្តឹង​ដោយ​លោក​ អ៊ុុំ សំអាន​។

គួរ​រំលឹក​​ថា​ លោក អ៊ុំ សំអាន ត្រូវបានមន្រ្តីសមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ក្រសួងមហាផ្ទៃ ចាប់ខ្លួន​នៅលើទឹកដីខេត្តសៀមរាប នាវេលាម៉ោងប្រមាណជាង១២យប់រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១​ ខែ​មេសា​ ឆ្នាំ​២០១៦​ ហើយបានបញ្ជូនមក​ក្រសួងមហាផ្ទៃ ។

សមត្ថកិច្ចបានបញ្ជាក់ថា លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួននៅលើទឹកដីខេត្តសៀមរាប ពីបទប្រើប្រាស់ផែនទីក្លែងក្លាយ ដូចករណីលោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម​ រង្ស៊ី​ ដែរ។

លោក អ៊ុ សំអាន ត្រូវបានចាប់ខ្លួន​នៅ​ម្តុំផ្សារ​កណ្តាល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅពេល​លោក​ចុះដកលុយនៅទូរ ATM របស់ធនាគារ​៕