(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែសីហានេះ បាននឹងកំពុងជួបសំណេះសំណាលជាមួយសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ វិទ្យាល័យព្រះបាទសុរាម្រិត និង សាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ឆ្នាំង។

ក្នុងការជួបសំណេះសំណាលនោះ សម្តេចតេជោ ហ៊ុន សែន បានទទួលការស្វាគមន៍ពីសំណាក់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ យ៉ាងច្រើនកុះករ ប្រកបដោយក្តីសប្បាយរីករាយបំផុត។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភនូវអគារសិក្សា១ខ្នង មានកម្ពស់២ជាន់ ស្មើនឹង១២បន្ទប់ ជូនដល់សាលាគរុកោសល្យ និងវិក្រឹតការខេត្ត និងផ្តល់អគារសិក្សា១ខ្នង មាន៣ជាន់ ស្មើនឹង១៨បន្ទប់ ជូនដល់វិទ្យាល័យព្រះបាទសុរាម្រិត។

សូមជម្រាបថា នៅព្រឹកនេះ សម្តេចតេជោ បានធ្វើដំណើរតាមរថយន្ត ចាកចេញពីទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់ ដើម្បីចុះពិនិត្យមើលសមិទ្ធផលនានា និងជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ដើម្បីពិនិត្យ និងដោះស្រាយបញ្ហាប្រឈមមួយចំនួន ដើម្បីឲ្យការរស់នៅរបស់ប្រជាពលរដ្ឋយើង កាន់តែមានភាពល្អប្រសើរឡើង។

សម្តេចតេជោ បានដាក់ចេញនូវយុទ្ធនាការ ក្នុងចុះជួបមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធទូទាំង២៥ រាជធានី-ខេត្ត ប្រទេសកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ចំនួន១០ខេត្តហើយ រួមមាន បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ស្ទឹងត្រែង ក្រចេះ កំពត កែប ព្រះសីហនុ និងកំពង់ស្ពឺ៕

Advertising