(ភ្នំពេញ)៖ យុវជនម្នាក់ជាអ្នករកស៉ី បញ្ចូលបទភ្លេងទូរស័ព្ទ ប៉ុន្តែមុខរបរមួយនេះទំនងរកលុយចាយមិនគ្រប់ ក៏ឆ្លៀតចែកចាយ គ្រឿងញៀនបន្ថែមទៀត ត្រូវកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួននៅល្ងាចថ្ងៃទី៨ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិ ត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិសែនជ័យបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននោះឈ្មោះ ឈ្មោះ ពិសិទ្ឋ អាយុ២៣ឆ្នាំ មុខរបរបញ្ចូលភ្លេងទូរសព្ទ័ ស្នាក់នៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ ។

លោកបានបន្តថា ក្រោមការណែនាំពីសំណាក់ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ លើការពង្រឹងបញ្ហា សន្តិសុខនោះ លោកបានខិតខំដឹកនាំកម្លាំងគ្រប់ផ្នែកចុះល្បាតទាំងយប់ទាំងថ្ងៃនិងធ្វើការស្រាវជ្រាវ រហូតបង្ក្រាបបទល្មើសទាំងនេះ។

សម្រាប់ជនសង្ស័យរូបនេះ ក្រោយទទួលព័ត៌មានថាមានជនសង្ស័យកំពុងចែកចាយគ្រឿងញៀន និងបន្លំជាបញ្ចូលបទភ្លេងនៅកន្លែង កើតហេតុខាងលើ ទើបលោកដឹកនាំកម្លាំងចុះទៅបង្ក្រាបបានម្នាក់និងដកហូតថ្នាំញៀន១៥កញ្ចប់ នាំយកទៅកាន់អធិការដើម្បី សាកសួរបន្ត និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕