(ត្បូងឃ្មុំ)៖ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ និងជាអនុប្រធានអនុគណ:កម្មការសុវត្ថិភាពចរាចរផ្លូវគោកខេត្តត្បូងឃ្មុំ នៅយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦នេះ បាន ចុះពិនិត្យពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកក្នុងមូលដ្ឋានខេត្ត ព្រមទាំងការសួរសុខទុក្ខដល់ កងកម្លាំងនគបាលមកពីនាយកដ្ឋានសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ដែលបានអញ្ជើញ មកបំពេញបេសកម្ម ក្នុងខេត្តត្បូងឃ្មុំ រយៈពេល ៣ខែ ដោយបានសហការយ៉ាងល្អ ជាមួយ ការិយាល័យសណ្តាប់ធ្នាប់ចរាចរណ៍ នៃស្នងការនគរបាលខេត្ត។

លោក ហាក់ សុខមករា បានថ្លែងបញ្ជាក់ថា ក្រោមការណែនាំរបស់អភិបាលខេត្ត និងជាប្រធានអនុគណ:កម្មការសុវត្ថិភាព ផ្លូវគោកខេត្តមកនោះ លោកបានដឹកនាំកម្លាំងនគរបាលចុះមកពិនិត្យ ដោយដាក់គោលដៅត្រួតពិនិត្យ លើការធ្វើដំណើរ ការដឹកជញ្ជូនទំនិញផ្សេងៗ ព្រមទាំងណែនាំដល់អ្នកបើកបរទាំងឡាយ ត្រូវគោរពតាមច្បាប់ឲ្យមានប្រសិទ្ធភាព ក្នុងគោលបំណង ចូលរួមកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។

ជាមួយគ្នានេះ លោក ហាក់ សុខមករា ក៏បានណែនាំ និងអប់រំដល់អ្នកបើកបរទាំងឡាយ ជាពិសេសអ្នកបើករថយន្តធន់ធំ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានត្រឹមត្រូវ ក្នុងនោះមិនត្រូវបើកបរមានភាពស្រវឹង មិនត្រូវបើកហួសល្បឿនកំណត់ ជាដើម ពីព្រោះពេលបង្កគ្រោះថ្នាក់ទៅ នាំឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ និងអាចបាត់បង់អាយុជីវិតប្រជាពលរដ្ឋផ្សេងទៀតផងដែរ។

Advertising