(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា​ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡង ៨សីហា ឆ្នាំ២០១៦ ប្រព្រឹត្តទៅប្រកបដោយភាពរលូន មានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយល្អ។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡង៖ ៨ សីហា ២០១៦នេះ មានរយៈពេល០២ថ្ងៃ មានបេក្ខជនប្រឡងសរុប ចំនួន១៥៤ ៥៤២នាក់ និងមានមណ្ឌលប្រឡងចំនួន ១៦៣០មណ្ឌល ទូទាំងប្រទេស។

ក្រសួងអប់រំបានឲ្យដឹងថា មុខវិជ្ជាប្រឡងមានចំនួន១០មុខវិជ្ជា ត្រូវជា១១វិញ្ញាសា៖ រួមមាន ១.តែងសេចក្ដី ២.គីមីវិទ្យា ៣.ផែនដី និងបរិស្ថានវិទ្យា ៤.រូបវិទ្យា ៥.ភូមិវិទ្យា ៦.សីលធម៌-ពលរដ្ឋវិជ្ជា ៧.គណិតវិទ្យា ៨.ការសរសេរតាមអាន ៩. ជីវវិទ្យា ១០.ប្រវត្តិវិទ្យា និង១១.ភាសាបរទេស ។

គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមបឋមភូមិ សម្រាប់ឆ្នាំសិក្សា ២០១៥-២០១៦ ក្រសួងបន្តប្រគល់សិទ្ធិអំណាច និងការទទួល ខុសត្រូវទាំងស្រុង ជូនគ្រឹះស្ថានមធ្យមសិក្សានីមួយៗ រៀបចំការប្រឡង ចាប់តាំងពីការរៀបចំប្រធានវិញ្ញាសា ដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុ និងការប្រកាសលទ្ធផលនៅតាមគ្រឹះស្ថានមធ្យមសិក្សានីមួយៗ៕