(ភ្នំពេញ)៖ ក្រុមហ៊ុន Panalpina Group ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូន និង បញ្ជូនទំនិញបន្តឈានមុខគេលើពិភពលោក បានប្រកាសបើកសម្ពោធជាផ្លូវការ​នូវការិយាល័យពាណិជ្ជកម្ម​របស់ខ្លួននៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះ។

ក្រុមហ៊ុន Panalpina World Transport (Cambodia) Co., Ltd ថ្មីនេះ គឺមានទីតាំងស្ថិតនៅអគារពាណិជ្ជកម្ម Regency Complex C, Unit C3/6, ជាន់ទី៣ មហាវិថី ព្រះមុន្នីរ៉េត ផ្លូវលេខ ២១៧ សង្កាត់ទំនប់ទឹក ខណ្ឌ័ចំការមន រាជធានីភ្នំពេញ។

ការបើកសម្ពោធការិយាល័យថ្មីរបស់ខ្លួននៅកម្ពុជា ក្រុមហ៊ុន Panalpina នឹងផ្គត់ផ្គង់នូវសេវាកម្មដឹកជញ្ជូន និងបញ្ជូនទំនិញបន្តអោយបានល្អបំផុតស្របតាមតំរូវការរបស់អតិថិជន។ការវិនិយោគនេះ គឺជាភស្តុតាងបង្ហាញយ៉ាងជាក់លាក់ នៃយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Panalpina ដើម្បីបន្តពង្រឹង និងអភិវឌ្ឍន៍វត្តមាន របស់ខ្លួននៅតំបន់អាស៊ីដោយ ពង្រីកអាជីវកម្មរបស់ក្រុមហ៊ុននេះនៅ ក្នុង ប្រទេសកម្ពុជា។ ការវិនិយោគផ្នែករោងចក្រ កំពុងតែកើនឡើងជាបន្តបន្ទាប់ ដោយសារតែប្រទេសកម្ពុជា ជាទីផ្សារសំខាន់ក្នុង ការផលិតទំនិញ និងកំនើនការដឹកជញ្ជូនផ្លូវគោក ឆ្លងកាត់ ព្រំដែន ប្រទេសកម្ពុជា វៀតណាម និងថៃក៏បានជំរុញអោយមានសេវាកម្មបន្ថែមយ៉ាងខ្លាំងក្លានៅទីផ្សារដ៏មានសក្តានុពលមួយនេះផងដែរ។

ក្រុមហ៊ុន Panalpina Group គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ដែលឈានមុខគេនៅលើពិភពលោក ក្នុងការផ្តល់សេវាកម្មលើផ្នែកដំណោះស្រាយ ខ្សែសង្វាក់ ដឹកជញ្ជូន។ សេវាកម្មសំខាន់ៗរបស់ក្រុមហ៊ុន មានដូចជា ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ផ្លូវទឹក ផ្លូវគោក ដើម្បីផ្តល់ការដឹកជញ្ជូនទំនិញជាសកល និងផ្តល់នូវដំណោះស្រាយសំរាប់ដំណើរការ ដឹកជញ្ជូនសំលៀកបំពាក់ចាប់ពីចំនុចចាប់ផ្តើមរហូតដល់ទីបញ្ចប់នៃប្រតិបត្តិការ។ ដោយការយល់ច្បាស់ពី    វិស័យឧស្សាហកម្មរបស់អតិថិជន និងការកែសំរួលប្រព័ន្ធ ព័ត៌មានវិទ្យា ស្របតាមតំរូវការរបស់អតិថិជន។

បន្ថែមពីលើនេះ ក្រុមហ៊ុន Panalpina អាចគ្រប់គ្រងបាននូវរាល់តំរូវការនៃការដឹកជញ្ជូនរបស់អតិថិជនមិនថាតំរូវការរបស់អតិថិជនមានទំហំធំយ៉ាងណានោះទេ។ ក្រុមហ៊ុន Panalpina  ក៏មានឯកទេសទៅលើសេវាកម្មផ្នែកឧស្សាហកម្មរ៉ែ និង ថាមពលរួមទាំងគំរោងនៃការផ្គត់ផ្គង់ផ្សេងៗទៀតផងដែរ។

បច្ចុប្បន្ន ក្រុមហ៊ុន Panalpina កំពុងមានប្រតិបត្តិការជាង 500 ការិយាល័យ នៅបណ្តាប្រទេសនានាជាង ៧៥រទេស ហើយក្រុមហ៊ុនបានសហការជាមួយក្រុមហ៊ុន ដៃគូពាណិជ្ជកម្ម ជាង៩០ ប្រទេសទៀតផងដែរ។ ក្រុមហ៊ុន Panalpina មានបុគ្គលិកប្រមាណជា ១៥,០០០ នាក់ទូទាំងពិភពលោក  ផ្តល់នូវសេវាកម្មយ៉ាងទូលំទូលាយ ទៅតាមស្តង់ដាគុណភាពខ្ពស់ បំផុតនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា៕