(តាកែវ)៖ លោកវិជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ មន្ត្រីរាជការ រួមទាំងក្រុមគ្រូពេទ្យ នៃមន្ទីរនេះទាំងអស់ បានសម្ដែងនូវការគាំទ្រទាំងស្រុង ចំពោះលិខិតចំហររបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ ឆ្លើយតបទៅនឹងលិខិតមិត្តអ្នកអាន ដែលចុះផ្សាយ ដោយសារព័ត៌មានភ្នំពេញប៉ុស្តិ៍។

មន្ទីរសុខាភិបាលខេត្តតាកែវ បានឃើញនូវអត្ថបទចុះផ្សាយ របស់កាសែតភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ ដែលមានចំណងជើងថា «ក្រសួងខ្លះភ្ញាក់រលឹក ខណៈសុខាភិបាលសម្ងំដេក»។ ក្រោយអានអត្ថបទនេះ ក្រុមការងាររបស់មន្ទីរសុខាភិបាលខេត្តតាកែវ​ បានពិនិត្យយ៉ាងយកចិត្តទុកដាក់លើខ្លឹមសារទាំងស្រុង ហើយបានសម្រេចបដិសេធដាច់ខាតពាក្យថា «សុខាភិបាលសម្ងំដេក» «ដោយហេតុថា មន្ទីរសុខាភិបាលខេត្តតាកែវ ព្រមទាំងមន្រី្ត និងបុគ្គលិកសុខាភិបាលទាំងអស់ បាននឹងកំពុងខិតខំបំពេញភារកិច្ចបំរើសេវាសុខភាព ដល់ប្រជាជនប្រកបដោយគុណភាព​ និងក្រមសីលធម៌ខ្ពស់»។ ម្យ៉ាងទៀតក្រសួងសុខាភិបាលក៏បានលើកទឹកចិត្ត និងសំណូមពរដល់បុគ្គលិក និងមន្ត្រីសុខាភិបាលទាំងអស់ បន្តខិតខំប្រឹងប្រែងផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងជាពិសេសខិតខំបង្កើននូវចំណេះដឹងនិងចំណេះធ្វើរបស់ខ្លួន តាមរយ:ការបណ្តុះបណ្តាលបន្តថែមទៀត។

លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ និងមន្រ្តីក្រោមឱវាទ ទាំងអស់បានប្តេជ្ញាគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល គោរពម៉ោងពេលធ្វើការងារ មានការយាមកាម២៤ម៉ោងលើ២៤ម៉ោង គោរពក្រមសីលធម៌វិជ្ជាជីវៈពេទ្យបានត្រឹមត្រូវ មានសាមគ្គីភាពផ្ទៃក្នុង ជម្រុញការផ្តល់សេវាប្រកបដោយគុណភាព ជូនដល់ប្រជាពលរដ្ឋ និងខិតខំប្រឹងប្រែងរៀនសូត្រ បង្កើនសមត្ថភាពរបស់ខ្លួន អ្នកចេះជួយបង្រៀនអ្នកមិនចេះ និងអ្នកប្រកបវិជ្ជាជីវៈសេវា​ឯកជន សូមគោរពច្បាប់ឲ្យបានត្រឹមត្រូវ ព្រមទាំងមិនគិតលុយជាធំ។

ជាលទ្ធផលដោយសង្ខេបខ្លី ទី១.សម្រាប់ក្រមសីលធម៏វិជ្ជាជីវៈ ត្រូវបានកែប្រែជាបណ្តើរៗ កិច្ចខំប្រឹងប្រែងរបស់លោកសាស្រ្តាចារ្យធា គ្រុយ ដែលជាប្រធានគណៈគ្រូពេទ្យជាតិ និងតំណាងអោយក្រសួងសុខាភិបាល បាននឹងកំពុងមមាញឹកចុះផ្សព្វផ្សាយ នឹងតាមដាមយ៉ាងយកចិត្តទុកដាក់់ ជាប្រចាំខែ ប្រចាំត្រីមាស ឆមាស និង ឆ្នាំ។ ទី២.សម្រាប់សេវាសាធារណៈនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព ប្រជាពលរដ្ឋពេញចិត្តពេញថ្លើមក្នុងការមកទទួលនូវសាវានេះ អត្រាប្រើប្រាស់គ្រែលើសចំនួនកំណត់ជារៀងរាល់ថ្ងៃ។

ទី៣.សម្រាប់ការទប់ស្កាត់ការរីករាលដាលជំងឺឆ្លង មន្ទីរសុខាភិបាល បានអនុវត្តន៏តាមគោលនយោបាយក្រសួង ដោយបានបង្កើតក្រុមឆ្លើយតបបន្ទាន់ ហើយជាលទ្ធផលក្រុមការងារ បានទប់ស្កាត់ទាន់ពេល។

ទី៤.សម្រាប់សេវាឯកជន .ការទប់ស្កាត់សេវាខុសច្បាប់៖ តាមទិសដៅរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល មន្ទីរបានចុះពិនិត្យ និងអនុវត្តន៏វិធានផ្លូវច្បាប់ កសាងសំណុំរឿងទៅតុលាការ ចំពោះសេវាណាមិនគោរពច្បាប់រួចរាល់ហើយ។

ការបណ្តុះបណ្តាលសម្រាប់សេវាឯកជន តាមរយៈគណៈគ្រូពេទ្យខេត្ត បានបង្ហាញនូវករណីគ្លីនិកជារៀងរាល់៣ខែម្តង។​ ការសន្និដ្ឋានជារួមមន្ទីរសុខាភិបាល និងមន្ត្រីគ្រប់លំដាប់ថ្នាក់បានខិតខំប្រឹងប្រែង បូជាកំលាំងកាយកំលាំងចិត្ត គ្រប់កាលៈទេសៈទាំងអស់ ខុសពីការពិតដែលជនអគតិ បានចុះផ្សាយនូវព័ត៏មានមិនពិត និងមានចរិកលក្ខណៈ បន្ទុះបង្អាប់វិស័យសុខាភិបាល នៅកម្ពុជាទៅវិញ៕

Advertising