(ពោធិ៍សាត់)៖ កម្លាំងនគរបាលខេត្តពោធិ៍សាត់ សហការកម្លាំងនគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាប ចាប់បានចោរប្រុសស្រី២នាក់ ដែលបំពុលឆ្កែលួចយកម៉ូតូ ប្រជាពលរដ្ឋនៅ​ខេត្តពោធិ៍សាត់ រួចទៅពួនសម្ងំនៅខេត្តបាត់ដំបង ហើយត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបង ក្របួចជាប់ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ រួមទាំងវត្ថុតាង។

លោក ឈន រិទ្ធ អធិការនគរបាលក្រុងពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនសង្ស័យដែលធ្វើសកម្មភាពបំពុលឆ្កែលួច យកម៉ូតូប្រជាពលរដ្ឋ០១គ្រឿង ម៉ាក Honda Dream ស៊េរី២០១៦ (ស្លាកលេខ 1E-6988 ទើបតែធ្វើមិនទាន់កិប) នៅចំណុចភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ កន្លងទៅនោះ មានឈ្មោះ ព្រំ យូ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានប្រពន្ធឈ្មោះ ខឹម សុខុន អាយុ ២៩ឆ្នាំ រស់នៅភូមិចំប៉ី ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត។

លោកអធិការបានបន្តថា មុខសញ្ញាចោរប្រុសស្រីទាំង២នាក់ ខាងលើនេះ គឺជាមុខសញ្ញាចាស់ ហើយកម្លាំងនគរបាលព្រហ្មទណ្ឌ បានទៅយកនៅខេត្តបាត់ដំបង ដោយដកហូតបានម៉ូតូ០១គ្រឿង ម៉ាក Honda Dream ស៊េរី២០១៥ ពាក់ស្លាកលេខ កំពត 1I-5280 មានលេខម៉ាស៊ីន ND125ME-9427256។

លោកអធិការបានបន្តទៀតថា យើងមិនទាន់ដឹងពីទីតាំង ម៉ូតូ០១គ្រឿង ម៉ាក Honda Dream ស៊េរី២០១៦ ដែលជនសង្ស័យបានបំពុលឆ្កែលួចនៅខេត្តពោធិ៍សាត់ ថាយកទៅលាក់ទុក​ឬក៏លក់យ៉ាង​ណានោះទេ ព្រោះថាកំពុងស្ថិតក្នុងការឃាត់ខ្លួន សួរចម្លើយនៅឡើយ។

ជាមួយគ្នានោះ ម៉ូតូ ០១គ្រឿង ម៉ាក Honda Dream ស៊េរី២០១៥ ពាក់ស្លាកលេខ កំពត 1I-5280 បើបងប្អូនណាបានបាត់ សូមពិនិត្យនៅលើលេខម៉ាស៊ីន ND125ME-9427256 ដែលមានស្រាប់​នៅទីនេះតែម្តង ដើម្បីទំនាក់ទំនងយកទៅវិញ៕