(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និង បុគ្គលិកនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សូមប្រកាសគាំទ្រទាំងស្រុង ចំពោះលិខិតចំហររបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ ឆ្លើយតបទៅលិខិតមិត្តអ្នកអានដែលចុះផ្សាយ ដោយសារព័ត៌មានភ្នំពេញប៉ុស្តិ៍។

បន្ទាប់ពីបានអានអត្ថបទចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ ក្រោមចំណងជើងថា «ក្រសួងខ្លះភ្ញាក់រលឹក ខណៈសុខាភិបាលសម្ងំដេក» ថ្នាក់ដឹកនាំ មន្រ្តីរាជការ និង បុគ្គលិកនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សម្រេចបដិសេធដាច់ខាតពាក្យថា “សុខាភិបាលសម្ងំដេក” ព្រោះថា ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកគ្រប់ជាន់ថ្នាក់នៃក្រសួងសុខាភិបាល បាននិងកំពុងខិតខំបំពេញភារកិច្ចបំរើសេវាសុខភាពជូនប្រជាជនអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត ។

ជាក់ស្តែង សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលជាអង្គភាពចំណុះរបស់ក្រសួងសុខាភិបាល មានតួនាទី ភារៈកិច្ចក្នុងការបណ្តុះបណ្តាល និង អភិវឌ្ឍសមត្ថភាពធនធានមនុស្សក្នុង​វិស័យ​សុខាភិបាល។ ស្របតាមគោលនយោបាយ និង ផែនការយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បាននិងកំពុងរួមចំណែកយ៉ាង​សកម្មក្នុងការអភិវឌ្ឍវិស័យ​សុខាភិបាល​ដោយបានសម្រេចនូវសមិទ្ធិផលសំខាន់ៗដូចខាងក្រោម៖
១. បានកសាងធនធានមនុស្សក្នុងវិស័យសុខាភិបាលគ្រប់ផ្នែក គ្រប់ជំនាញ សរុបចំនួន ២២,៧២៤ នាក់ ចាប់តាំងពីឆ្នាំ១៩៨០ មកទល់ពេលបច្ចុប្បន្ននេះ។
២. បាន និង កំពុងពង្រឹងនូវគុណភាពនៃការបង្រៀន ការរៀនរបស់សា​ស្រ្តា​​​ចារ្យ និង និស្សិត និងបានពង្រីកហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការបណ្តុះបណ្តាល ដូចជា សាងសង់អគារសិក្សាថ្មីៗ ដោយមានបន្ទប់​ប្រឡងតាមប្រព័ន្ធកុំព្យូទ័រ ចំនួន ១ មន្ទីរពិសោធន៍បង្ហាញ​ត្រាប់ទំនើប ចំនួន ៣ ដើម្បីធ្វើឲ្យគុណភាពបណ្តុះបណ្តាលកាន់តែប្រសើរឡើង។​ ជាមួយគ្នានោះ សាកលវិទ្យាល័យ​ក៏បាន​ពង្រីកទីតាំងថ្មីមួយបន្ថែមទៀត ដើម្បីត្រៀមសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យថ្មីមួយ។ ហើយនា​ពេល​ដ៏​ខ្លី​ខាងមុខនេះ សាកលវិទ្យាល័យនឹងបើកដំណើរ​ការ​​មជ្ឈមណ្ឌល​ធ្វើ​រោគ​វិនិច្ឆ័យដ៍ទំនើប ដោយ​សហការ​ជាមួយអង្គការ JATA នៃប្រទេសជប៉ុនដើម្បីបម្រើដល់​ការ​បណ្តុះបណ្តាល ការ​ស្រាវ​ជ្រាវរបស់​សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ និងនិស្សិត ព្រមទាំង​ការ​ផ្តល់​សេវា​សុខភាពជូន​ប្រជា​ពលរដ្ឋ។
៣. បានពង្រីកកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិ និង អន្តរ​​ជាតិ ដើម្បី​គៀងគរ​ជំនួ​យ ទាំងបច្ចេកទេស និងថវិកាសម្រាប់បន្តការអភិវឌ្ឍ​សាកល​វិទ្យាល័យ ដែលពេលបច្ចុប្បន្ននេះ សាកលវិទ្យា​ល័យ​មានដៃគូជាតិ​ចំនួន ២២ស្ថាប័ន និង​ដៃគូអន្តរជាតិចំនួន ៦១ស្ថាប័ន។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ សាកលវិទ្យាល័យបានបញ្ជូននិស្សិតទៅបន្តការសិក្សា និង ធ្វើកម្មសិក្សារយៈពេលវែង និង​ រយៈពេលខ្លីនៅតាមបណ្តាប្រទេសជាដៃគូរប្រមាណជា៥០ទៅ៦០នាក់ក្នុងមួយឆ្នាំៗ។
៤. បានបើកដំណើរការកម្មវិធីអន្តរជាតិវេជ្ជសាស្រ្ត និង​​​​​​កម្មវិធីអន្តរជាតិគិលានុប​ដ្ឋា​ក ដើម្បីជួយនិស្សិតយើងឱ្យមាន​​សមត្ថ​ភា​ព​ប្រកួតប្រជែង ដណ្តើមទីផ្សារ​ការងារ​ជា​មួយ​និស្សិតអន្តរជាតិនានា ជាពិសេស​និស្សិត​​នៃបណ្តា​ប្រទេស​អាស៊ាន​។

​តាមរយៈសមិទ្ធិផលដែលសាកលវិទ្យាល័យបានសម្រេចខាងលើនេះ សរបង្ហាញអំពីការខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្រោមការដឹកនាំ និង ចង្អុលបង្ហាញ​របស់​ឯកឧត្តមរដ្ឋមន្រ្តី ក៏ដូចជារបស់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ លើសុខមាលភាពប្រជាជនកម្ពុជា និង លើការបណ្តុះបណ្តាលធនធាន​មនុស្សក្នុងវិស័យសុខា​ភិបាល​នៅប្រទេសកម្ពុជា។

សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សង្ឃឹមថា កាសែតភ្នំពេញប៉ុស្តិ៍ ធ្វើការផ្សព្វផ្សាយអត្ថបទ ដោយឈរលើមូលដ្ឋានថ្លឹងថ្លែងត្រឹមត្រូវ ប្រកបដោយវិជ្ជាជីវៈ៕

Advertising