(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ ក្រុមការងារ កាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌រួមមាន ថវិកា២លានរៀល អង្ករ២តោន មី ៦០កេស ត្រីខ៦០០កំប៉ុង ឃីត៥០កញ្ចប់ (មុង ភួយ សារុង ក្រមា) និងអាហារវីតាមីន៧កេស (ស្មើនឹង ២៥២កញ្ចប់) ផ្ដល់ជូនដល់មណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ លោកស្រី អគ្គលេខាធិការ បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ចំពោះសុខុមាលភាព និងការរស់នៅរបស់កុមារតូចៗនៅទូទាំងរាជធានី-ខេត្ត ដោយមិនទុកឱ្យកុមារណាម្នាក់ ទទួលរងគ្រោះថ្នាក់ដោយការអត់ឃ្លានឡើយ។

ជាមួយគ្នានោះ លោកស្រី អគ្គលេខាធិការ បានថ្លែងនូវការកោតសរសើរចំពោះលោកប្រធានមណ្ឌល និងលោកគ្រូអ្នកគ្រូនៅក្នុងមណ្ឌល ដែលបានខិតខំអស់កម្លាំង កាយចិត្តថែទាំ បង្ហាត់បង្រៀនដល់កុមារចំនួន ៥០នាក់ (ក្នុងនោះកុមារកំព្រាពិការជើង ៣នាក់) ដែលរស់នៅក្នុងមណ្ឌល និងបានផ្តាំផ្ញើដល់ក្មួយៗកុមារទាំងអស់ ត្រូវចេះថែទាំសុខភាពឱ្យបានល្អ ខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សដ៏ពូកែសម្រាប់សង្គមជាតិនៅពេលអនាគត។

សូមបញ្ជាក់ថា លោកគ្រូអ្នកគ្រូចំនួន៥នាក់ ដែលស្នាក់នៅក្នុងមណ្ឌល ក្នុងម្នាក់ៗទទួលបានថវិកាឧបត្ថម្ភពីកាកបាទក្រហមកម្ពុជា ១០ម៉ឺនរៀល និងឃីត១។ ដោយឡែក កុមារទាំង៥០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល និងឃីត១។

នៅព្រឹកថ្ងៃដដែលនោះដែរ ក្រុមការងារ ដឹកនាំដោយលោកស្រី អគ្គលេខាធិការ បានបន្ដតដំណើរចុះសួរសុខទុក្ខគ្រួសារកុមារមានជំងឺចំនួន ៥៦នាក់ ដែលកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និងបានផ្តល់អំណោយជូនក្នុងមួយគ្រួសារៗទទួលបានថវិកា៥ម៉ឺនរៀល មុង១ ភួយ១ សារុង១ ក្រមា១ និងអាហារវីតាមីន ៥កញ្ចប់។ដោយឡែក អំណោយសម្រាប់មន្ទីរពេទ្យទទួលបាន អាហារវីតាមីន៥កេស ស្មើនឹង១៨០កញ្ចប់។

សូមបញ្ជាក់ថា អាហារវីតាមីន ដែលបានផ្តល់ជូនខាងលើ បានការឧបត្ថម្ភពី សមាគមនារីនៃក្រសួងព័ត៌មាន ដែលបានផ្តល់ជូនមក ទីស្នាក់ការកណ្តាលកាកបាទ ក្រហមកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ៕

Advertising