(ភ្នំពេញ)៖ លោក ឈាង វុន ប្រធានគណៈកម្មការ​កិច្ច​ការ​បរទេស សហប្រតិ​បត្តិកា​រអន្តរជាតិឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានលើកឡើងឲ្យដឹងថា លោកពិតជាមានការសោក​ ស្តាយចំពោះ​អ្នកតំណាងរាស្រ្ត ម្នាក់ឈ្មោះ ហុង លឹម (ឈ្មោះដើម លឹម មួយហុង) ដែលបាននិយាយ នៅក្នុងបទសម្ភាសន៍ជាមួយ លោក ជុន ច័ន្ទបុត្រ នាយកវិទ្យុអាស៊ីសេរីរបស់បរទេសដែលនិយាយ ជាខេមរ​ភាសា ដោយដាក់ចំណងជើងថា «តំណាងរាស្ត្រ ខ្មែរ-អូស្ត្រាលី ចាត់ទុករបប នៅកម្ពុជាជារបបតិរច្ឆាន»

លោក ឈាង វុន ដែលជាអ្នកនាំពាក្យរដ្ឋសភា បានប្រាប់អង្គភាព Fresh News ថា «ខ្ញុំមានកាសោកស្ដាយ ចំពោះអ្នកតំណាងរាស្រ្តម្នាក់ឈ្មោះ លឹម ហុង (ឈ្មោះដើម លឹម មួយហុង) គាត់មិនគួរវាយតម្លៃអាក្រក់ របៀបនេះមកលើប្រជាជាតិខ្មែរយើងទេ ពីព្រោះជាតិដើមរបស់គាត់គឺជាតិខ្មែរដូចគ្នា។ សម្ដីសំដៅរបស់គាត់ គឺធ្វើឱ្យប៉ះពាល់កិត្តិយសខ្មែរយើង ទាំងនៅប្រទេសអូស្រ្តាលី ក៏ដូចជាលើសកលលោក ជាទង្វើអាក្រក់មួយ ដែលយើងមិនអាចអត់ឱន ឱ្យបានទេ»

អ្នកនាំពាក្យរដ្ឋសភារូបនោះ បានបញ្ជាក់ទៀតថា «តំណាងរាស្រ្តនោះគាត់មានជាតិដើមជាខ្មែរ ទើបតែមានសញ្ជាតិអូស្រ្តាលីបច្ចុប្បន្ននេះទេ មិនគួរណាគាត់ចោលជាតិដើម មាក់ងាយមាក់ថោក​ជាតិដើមរបស់គាត់នោះទេ ដែលជាប្រទេស ធ្លាប់ផ្ដល់កំណើតឱ្យគាត់ ធ្លាប់ផ្ដល់នូវការរៀនសូត្រ ចេះដឹងឱ្យគាត់ មុននឹងគាត់ចេញទៅប្រទេសអូស្រ្តាលី»។

លោក ឈាង​ វុន បានបន្តរៀបរាប់យ៉ាងដូច្នេះថា «ខ្ញុំចាំបានថា នៅពេលដែលខ្ញុំធ្វើជាឯកអគ្គរាជទូត​កម្ពុជាប្រចាំប្រទេសអូស្រ្តាលី គាត់បានមកជួប​ខ្ញុំច្រើនដង នៅពេលនោះគាត់ខំប្រឹងស្វះស្វែងណាស់ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋខ្មែរយើង ដែលភៀសខ្លួនទៅនៅអូស្រ្តាលី ក្នុងរដ្ឋម៉ែលប៊នហ្នឹង ជួយគាំទ្រគាត់ ក្នុងការឈរឈ្មោះ​បោះឆ្នោតម្ដងៗ ហើយគាត់តែងតែមកនិយាយជាមួយខ្ញុំ ស្នើឱ្យជួយគាំទ្រធ្វើយ៉ាងណា ជំរុញឱ្យបងប្អូនខ្មែរយើង គាំទ្របេក្ខភាពគាត់។ មនុស្សនេះជាមនុស្សឱកាសនិយមពិតមែន បើខ្ញុំមិនច្រឡំទេ នៅក្រោយឆ្នាំ១៩៧៩ ពេលដែលព្រះបាទសម្ដេចបរមរតនកោដ្ឋ នរោត្តម សីហនុ យាងទៅប្រទេសអូស្រ្តាលី ក្នុងការជំរុញឱ្យសហគមន៍អន្តរជាតិ ជាពិសេសប្រទេសអូស្រ្តាលី​ជួយជ្រោម​ជ្រែងរកដំណោះ​ស្រាយ​រកសន្តិភាព​ដល់កម្ពុជានោះ គាត់បានធ្វើព្រះអង្គខឹង​សម្បារយ៉ាងខ្លាំងណាស់ ហើយប្រជាពលរដ្ឋមួយ​ចំនួនក៏ខឹងខ្លាំងដែរ ហ្នឹងទី១, ហើយទី២ ក្រោយពេលបោះឆ្នោត ឆ្នាំ១៩៩៣ គាត់បានងាកទៅគាំ​ទ្រគណបក្ស​សមរង្ស៊ី ដោយសង្ឃឹមថា ប្រជាពលរដ្ឋខ្មែរយើង នៅប្រទេសអូស្រ្តាលី ដែលពេលនោះមាននិន្នាការប្រឆាំងច្រើន ឱ្យងាកទៅប្រឆាំងជាមួយយើងវិញ។ ក្រោយនោះទៀត គាត់បានប្រមូលសំលេងប្រឆាំង​យកមកប្រើប្រាស់ជាផលប្រយោជន៍​របស់គាត់ដើម្បីជាប់ឆ្នោត»។

«ខ្ញុំបានធ្វើកិច្ចការនេះជាមួយតំណាងរាស្រ្តមួយចំនួន កាលពីអាទិត្យមុន នៅរដ្ឋម៉ែលប៊ន ប្រទេសអូស្រ្តាលី ហើយគេទទួលស្គាល់ថា មនុស្សនេះមិនគួរឱ្យ រាប់អានទេ ព្រោះគាត់បានបោះបង់ចោល​ឈ្មោះដែលបានពីឪពុកម្ដាយ​គាត់ ដែលសល់ពីជាតិខ្មែរគាត់ទៅហើយ តើគាត់ខ្លាចអីនឹងបោះបង់ចោលមាតុភូមិ ដែលយើងទាំងអស់គ្នាខំប្រឹងកសាងរហូតមកដល់សព្វថ្ងៃនេះ ហើយចំពោះរឿងនេះ ខ្ញុំគិតថា យើងត្រូវនាំគ្នាប្រតិកម្មទៅលើគាត់ ហើយខ្ញុំដែលធ្លាប់ធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំអូស្រ្តាលី ច្រើនឆ្នាំកន្លងទៅនេះ ខ្ញុំនឹងខំប្រឹងជំរុញយុវជនរបស់យើងនៅប្រទេសអូស្រ្តាលី ធ្វើយ៉ាង​ណាផ្ដន្ទាទោស​គាត់ ហើយយើងនឹងប្រាប់ទៅរដ្ឋាភិបាលអូស្រ្តាលីថា គាត់ជាតំណាងរាស្រ្តអូស្រ្តាលី ដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងអូស្រ្តាលី និងកម្ពុជា ហ្ចឹងត្រូវធ្វើយ៉ាងណា ឱ្យគាត់មកសុំទោស​យើងជាសាធារណៈ ហើយនេះគឺជាយុទ្ធនាការថ្មីមួយទៀតរបស់យើង ដើម្បីឱ្យគាត់ទទួលខុសត្រូវ ចំពោះសម្ដីសំដៅរបស់គាត់» នេះបើយោងតាមការរៀបរាប់បន្ថែមរបស់លោក ឈាង​​ វុន។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ តំណាងរាស្ត្រអូស្ត្រាលី លោក ហុង លីម  បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ លោក ជុន ច័ន្ទបុត្រ នាយកវិទ្យុអាស៊ីសេរី របស់បរទេស ដែលនិយាយជាខេមរភាសា ដោយដាក់ចំណងជើងថា «តំណាងរាស្ត្រ ខ្មែរ-អូស្ត្រាលី ចាត់ទុករបបនៅកម្ពុជា ជារបបតិរច្ឆាន»។

ការលើកឡើងរបស់លោក ហុង លីម មានការរិះគន់ និងថ្កោលទោស យ៉ាងខ្លាំងពីមន្រ្តីរាជរដ្ឋាភិបាល សមាគមនាននៅកម្ពុជា និងប្រជាពលរដ្ឋជាដើម៕