(កំពង់ឆ្នាំង)៖ ក្រុមចោរប្លន់ប្រដាប់៦នាក់ ដែលតែងតែប្លន់យ៉ាងកក្រើកនៅតាមបណ្ដាខេត្ត ហើយត្រូវកម្លាំងនគរបាលនាយកដ្ឋានកណ្ដាលព្រហ្មទណ្ឌ សហការជាមួយកម្លាំង​នៃស្នងការដ្ឋាននគរបាល​ខេត្តកណ្ដាលចាប់បាននោះ នៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះ ត្រូវបានបញ្ជូនទៅតុលាការខេត្តកំពង់ឆ្នាំង ដើម្បីផ្ដន្ទាទោសតាមច្បាប់ ព្រោះនគរបាលខេត្តកំពង់ឆ្នាំងជាម្ចាស់ករណី។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ក្រុមជនសង្ស័យនេះបានធ្វើសកម្មភាពប្លន់ផ្ទះវីងមួយកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ ស្ថិតក្នុងភូមិរ៉ា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ និងបានបាញ់អាជីវករលក់មាស នៅផ្សារព្រៃខ្មែរកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ បណ្តាលឲ្យស្លាប់ និងរងរបួសធ្ងន់ទៀតផង។ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦ម្សិលមិញនេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបង្ហាញមុខក្រុមចោរប្លន់ប្រដាប់អាវុធ៦នាក់ ប្រដាប់ដោយកាំភ្លើង៣ដើម ម៉ូតូមួយគ្រឿង និងរថយន្ដមួយគ្រឿង សម្រាប់ធ្វើសកម្មភាព ហើយត្រូវបានបង្ក្រាបនៅទឹកដីឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

យោងតាមរបាយការណ៍របស់នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបង្ហាញថា ក្រុមចោរទាំងនេះ បានធ្វើសកម្មភាពប្លន់ចំនួន១០លើកមកហើយ នៅខេត្តចំនួន៧ រួមមាន ខេត្តព្រៃវែង ២លើក ខេត្តកំពង់ឆ្នាំង ២លើក ខេត្តតាកែវ២លើក ខេត្តក្រចេះ១លើក ខេត្តកំពង់ចាម១លើក ខេត្តត្បូងឃ្មុំ១លើក និងខេត្តកណ្តាល១លើក។

របាយការណ៍បានបញ្ជាក់ទៀតថា ការបង្ក្រាបក្រុមចោរប្លន់ទាំងនេះ បានធ្វើឡើងមុនពេលដែលពួកវាគ្រោងចូលប្លន់ នៅផ្ទះលក់មាស លក់សាំង និងផ្ទេរលុយ Wing តាមផ្លូវចូលវត្តធន់មន្ត កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ដោយធ្វើឡើងនៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ហើយក្នុងប្រតិបត្តិការនោះ បានបាញ់ម្នាក់បណ្តាលឲ្យបាក់ជើងផងដែរ។

ប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធខាងលើនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងនគរបាលជាតិទទួលផែនយុត្តិធម៌ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងនគរបាលតាមបណ្តាខេត្តមួយចំនួនទៀត។

ខាងក្រោមនេះគឺជាសង្ខេបចម្លើយសារភាព សកម្មភាពប្លន់ ១០លើក ០៧ ខេត្តរួមមាន៖
១. ខេត្តព្រៃវែង ០២លើក

-(ថ្ងៃទី២៧.០៣.២០១៥ ភូមិដូនយូ ឃុំ ជីខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង)
-(ថ្ងៃទី២៩.០៤.២០១៦ ភូមិព្រែកពោធិ ឃុំ រំលិច ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង)
២. ខេត្តកំពង់ឆ្នាំង ០២លើក
-(ថ្ងៃទី២១.១០.២០១៤ ផ្សារព្រៃខ្មែរ ភូមិ ព្រៃខ្មែរ ឃុំរលាផ្អៀ  ស្រុករលាផ្អៀ ខេត្តកំពង់ឆ្នាំង)
-(ថ្ងៃទី៣១.០៧.២០១៦ ភូមិរ៉ា ឃុំត្បែងខ្ពស់  ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង)
៣. ខេត្តតាកែវ ០២លើក
-(ថ្ងៃទី០៥.០៥.២០១៥ ភូមិ ឃុំ ស្រុកទ្រាំង ខេត្តតាកែវ)
-(ថ្ងៃទី០៩.០៧.២០១៥ ភូមិសីហា ឃុំ ចំបក់ ស្រុកបាទី ខេត្តតាកែវ)
៤. ខេត្តក្រចេះ ០១លើក
(ថ្ងៃទី២៤.០៧.២០១៦ ភូមិត្រពាំងស្រែ ឃុំ ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ)
៥. ខេត្តត្បូងឃ្មុំ ០១លើក
(ថ្ងៃទី២៨.០៧.២០១៦ ភូមិដា ឃុំ  ស្រុកមេមត់ ខេត្តត្បូងឃ្មុំ)
៦.ខេត្តកំពង់ចាម ០១លើក
(ថ្ងៃទី២៦.០៥.២០១៦ ភូមិពង្រ ឃុំ ស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម)
៧. ខេត្តកណ្ដាល ០១លើក, បង្ក្រាប ចាប់ខ្លួន ០៦នាក់ ពេលកំពុងដើរមើលរកទីតាំងប្លន់
(ថ្ងៃទី០៤.០៨.២០១៦ ភូមិអំពិលលាស់ ឃុំ ក្រាំងយ៉ូង ស្រុកស្អាង ខេត្តកណ្ដាល)៕