(ភ្នំពេញ)៖ គណបក្សសង្រ្គោះជាតិ បានប្រកាសអំពីជំហររបស់ខ្លួន នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះ ដោយនឹងចូលរួម និងគាំទ្រដល់យុទ្ធនាការ ថ្ងៃចន្ទពណ៌ខ្មៅ នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែទោះជាយ៉ាងណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថា រាជរដ្ឋាភិបាលនឹងចាត់វិធានការម៉ឺងម៉ាត់ ចំពោះអ្នកធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ទោះបីជាគណបក្សសង្រ្គោះជាតិក៏ដោយ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអះអាងប្រាប់ Fresh News ឱ្យលើកឡើងថា ការប្រកាសជំហរអំពីការចូលរួម នៅក្នុងយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅរបស់គណបក្សប្រឆាំងនៅពេលនេះ គឺជាការលានចេញកន្ទុយចេតនាទុច្ចរិត ក្នុងការគៀកគរកម្លាំងប្រឆាំងរាជរដ្ឋាភិបាល។

លោកថា «នេះជាការបង្ហាញខ្លួនជាសាធារណៈ លែងលាក់លៀមពីក្រោយខ្នង នៃការបង្កើតចលនា ថ្ងៃចន្ទពណ៌ខ្មៅនេះឯង។ គ្មានអ្វីជាការភ្ញាក់ផ្អើល សម្រាប់រាជរដ្ឋាភិបាលទេ។ អ្នកដែលដើមចមគំនិតគឺ អ៊ូ វីរៈ ដែលជាខ្សែរយៈរបស់ កឹម សុខា ក៏ដូចជា ប៉ា ងួនទៀង ក៏ជាដៃជើងរបស់ កឹម សុខា ក៏ដូចជា កែម ឡី ដូច្នេះការប្រកាសនេះគ្រាន់តែជាការប្រកាសសាធារណៈដោយអត់មានជម្រើស។ យើងយល់ឃើញថា បើធ្វើខុសហើយរំលោភអំពីសណ្តាប់ធ្នាប់សាធារណៈ ឬដោយមិនមានការសហការជាមួយអាជ្ញាធរមូលដ្ឋាន រាជរដ្ឋាភិបាលនឹងចាត់វិធានការឱ្យបានម៉ឹងម៉ាត់ ប្រឆាំងនឹងចលនានេះ»

លោក អេង ឆៃអ៊ាង តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានប្រកាសនៅក្នុងសន្និសីទកាសែតមួយ នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះថា គណបក្សសង្រ្គោះជាតិ នឹងចូលរួមហើយគាំទ្រដល់យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ។

លោកបានថ្លែងថា «ថ្ងៃចន្ទទី៨ ខែសីហា ឆ្នាំ២០១៦ ជាថ្ងៃដែលបងប្អូនយើងបានបើកចលនាអាវខ្មៅ ដើម្បីទាមទារឱ្យមានការដោះលែងសកម្មជនសិទ្ធិមនុស្ស ក៏ដូចជាសកម្មជននយោបាយដែលកំពុងចាប់ពន្ធនាគារ ។ សម្រាប់ថ្ងៃចន្ទពណ៌ខ្មៅនេះ គណបក្សសង្រ្គោះជាត នឹងចូលរួម និងគាំទ្រនូវចលនា អាវខ្មៅរៀងរាល់ថ្ងៃចន្ទនេះ»

យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ត្រូវបានបង្កើតឡើងដោយក្រុមអង្គការសង្គមស៊ីវិល និងសកម្មជនដីធ្លីមួយចំនួន ចាប់តាំងពីដើមខែឧសភាមក។ យុទ្ធនាការនេះ គេសង្កេតឃើញមានធ្វើឡើងជារៀងរាល់ថ្ងៃចន្ទបន្តបន្ទាប់មក ដោយធ្វើការទាមទារឱ្យដោះលែងមន្រ្តីគ.ជ.ប និងមន្រ្តីអាដហុកចំនួន៤នាក់ រួមទាំងសមាជិក គណបក្សប្រឆាំងផងដែរ។ នៅថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំ២០១៦នេះ ក៏មានក្រុមសកម្មជនដីធ្លីមួយចំនួន បានបើកយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅនេះដែរ ប៉ុន្តែមានចំនួនតិចតួចប៉ុណ្ណោះ។

លោក ផៃ ស៊ីផាន បានបញ្ជាក់បន្ថែមថា «ចលនានេះ គឺមានហេតុផលទុច្ចរិត គឺរៀបចំឱ្យមានចលនាមហាជន ដើម្បីយកអំណាចមហាជនប្រឆាំង នឹងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត»។ ទោះជាយ៉ាងណាលោកថា រាជរដ្ឋាភិបាលមិនមានការព្រួយបារម្ភ ឬតក់ស្លត់នោះឡើយ។ លោកជឿថា ប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ ចង់ទទួលសុខក្សេមក្សាន្ត ដើម្បីប្រកបរបចិញ្ចឹមជីវិតរបស់ពួកគេ ហើយរាជរដ្ឋាភិបាលត្រូវការពារសេចក្តីសុខរបស់ប្រជាពលរដ្ឋទាំងនោះ៕