(រតនគិរី)៖ មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី គឹម រស្មី បានដឹកនាំកម្លាំងអាវុធហត្ថ ចុះទៅស្ទាក់ចាប់រថយន្តយីឌុបមួយគ្រឿង លួចដឹកឈើអារលេខ២ត្រង់ចំណុចភូមិ៣ ឃុំស្រែអង្ក្រង ស្រុកកូនមុំ ខេត្តរតនគិរី នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦នេះ។ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី ប្រាប់ឲ្យដឹងថា ដោយទទួលបទបញ្ជាពី នាយឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការ​អាវុធហត្ថផ្ទៃប្រទេស និងជាប្រធានក្រុមការងារបង្ក្រាបបទល្មើព្រៃឈើថ្នាក់ជាតិ ដល់កម្លាំងអាវុធហត្ថគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស ឲ្យធ្វើការបង្ក្រាបដូចភ្លៀងរលឹមនោះ លោកបានដឹកនាំកម្លាំង​ចុះបង្ក្រាប​រថយន្តយីឌុបលួចដឹកឈើអារលេខ២ ក្រោយពីទទួលបានព័ត៌មានសម្ងាត់រួចមក។

មេបញ្ជាការអាវុធហត្ថ បានប្រាប់បន្តទៀតថា «ឈើដែលចាប់បាននេះមានប្រមាណ៨ម៉ែត្រគូប ប្រភេទឈើអារ​លេខ២ ដឹកតាមរថយន្តយីឌុបម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ​កំពង់ចាម 3A-3556 ដោយម្ចាស់រថយន្តដាក់ឈើអារក្នុងរថយន្តខ្លះ និងដាក់ក្នុងប្រឡោះ​សាក់ស៊ីដើម្បីបំភ័ណ្ឌ​ភ្នែក​សមត្ថ​កិច្ច រីឯអ្នកបើករថយន្តដឹក​បទល្មើសនោះរត់គេចខ្លួនបាត់»

លោកបន្ថែមទៀតថា កម្លាំងអាវុធហត្ថក្រោមឱវាទលោក និងរូបលោកផ្ទាល់និងខិតខំបំពេញតួនាទីបង្ក្រាបបទល្មើសព្រៃឈើតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍សៅ សុខា ជាប្រចាំ។ បច្ចុប្បន្នវត្ថុតាងរថយន្តយីឌុបដឹកឈើអារលេខ២ បានប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃ​ឈើខេត្តរតនគិរី ដើម្បីស្វែងរកម្ចាស់មកធ្វើការបង់​ផាកពិន័យ​តាមច្បាប់ស្តីពីព្រៃឈើ៕