(ភ្នំពេញ)៖ រឿងហួសចិត្តមួយបានកើតឡើង ខណៈដែលប្រធានអង្គការសមធម៌កម្ពុជា ធ្វើការផ្នែកសិទ្ធិមនុស្ស បានប្រើសិទ្ធិកៀបសង្កត់ និងបញ្ឈប់បុគ្គលិកដោយគ្មានមូលដ្ឋានច្បាស់លាស់ទាំងតក់ក្រហល់ ដោយគ្រាន់តែចេញលិខិតព្រមានភ្លាម ក៏បញ្ឈប់ភ្លាម និងមិនបានផ្តល់ប្រាក់អតីតភាពការងារ តាមគោលការណ៍របស់អង្គការនោះឡើយ។ នេះបើយោងតាមលោក ចាន់ វិច័ត្រ ដែលអះអាងថា ជាជនរងគ្រោះដែលត្រូវប្រធានអង្គការរបស់ខ្លួន និងថ្នាក់ដឹកនាំ២នាក់ បានបញ្ឈប់ចេញពីការងារ។

លោក ចាន់ វិចិត្រ ដែលបានដាក់ពាក្យប្តឹងថ្នាក់ដឹកនាំរបស់ខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦នេះ បានបង្ហាញលិខិតដែលខាងប្រធានអង្គការព្រមាន និងចោទប្រកាន់មិនសមរម្យមកលើរូបលោក។

លិខិតព្រមាននោះបានសរសេរថា «លោក ចាន់ វិចិត្រ បំពេញការងារមិនបានល្អ និងការប្រព្រឹត្តនូវទង្វើមិនសមរម្យ ដូចខាងក្រោម ទី១-ឥរិយាបទ មិនគោរពដល់ថ្នាក់ដឹកនាំ ហើយមានការគំរាមប្តឹងថ្នាក់ដឹកនាំ ទៅតុលាការ ដោយសារការផ្តល់មតិយោបល់ ដើម្បីកែលម្អរមួយចំនួន ទី២-ការបំពេញការងារ មិនប្រកបដោយវិជ្ជាជីវៈ និងមិនមានគុណភាព (មិនបានផ្តល់របាយការណ៍ពេលចុះបំពេញការងារ និងចែករំលែកព័ត៌មានទៅអ្នកគ្រប់គ្រង និងអង្គភាព)។ ដោយឡែកការងារជាក្រុម (ធ្វើតាមចង់) ហើយមិនសូវទទួលយកគំនិតរបស់ក្រុម»

ជុំវិញការចោទប្រកាន់នេះ លោក ចាន់ វិចិត្រ បានបកស្រាយ និងឆ្លើយតបទៅវិញថា «នៅក្នុងលិខិតព្រមានសរសេរថា ឥរិយាបទមិនគោរពដល់ថ្នាក់ដឹកនាំ ហើយមានការគំរាមប្តឹងថ្នាក់ដឹកនាំ ទៅតុលាការដោយសារការផ្តល់មតិយោបល់ ដើម្បីកែលម្អរមួយចំនួន ចំណុចនេះមិនត្រឹមត្រូវទេពោល ខ្ញុំបាទមិនដែលធ្វើខុស ទៅនឹងគោលការណ៍ របស់អង្គការឡើយ ចំណែកឯពាក្យថា នឹងប្តឹងថ្នាក់ដឹកនាំនៅពេលណា ដែលចេញលិខិតព្រមាន ដល់រូបខ្ញុំបាទនោះ វាគឺជាសិទ្ធិរបស់បុគ្គលិកម្នាក់ៗ ដែលមិនពេញចិត្តនឹងថ្នាក់ដឹកនាំរបស់ខ្លួន ម៉្យាងទៀតពាក្យនេះមិនមែនជាការគំរាមកំហែងនោះ ទេវាគ្រាន់តែជាការតវ៉ាប៉ុណ្ណោះ ដែលច្បាប់បើកសិទ្ធិឲ្យ (ក្រមរដ្ឋប្បវេណី ដែលចែងអំពីឋានៈបុគ្គលិក)»

លិខិតឆ្លើយតបរបស់លោក ចាន់ វិចិត្រ បានបន្តថា «ចំណុចមួយទៀតការបំពេញការងារ មិនប្រកបដោយវិជ្ជាជីវៈ និងមិនមានគុណភាព ការចោទប្រកាន់បែបនេះ មិនត្រឹមត្រូវទេព្រោះថា កាលដែលជ្រើសចូល ហេតុអ្វីបានជាមិនយកវិជ្ជាជីវៈបែរជាជ្រើសរើស យករូបខ្ញុំបាទ ផ្ទុយទៅវិញខ្ញុំបាទធ្លាប់ទទួលបាននូវប័ណ្ណសរសើរ ពីអង្គការនេះកន្លងមកទៀតផង ដូច្នេះបង្ហាញឲ្យឃើញថា ខ្ញុំបាទពិតជាមានវិជ្ជាជីវៈក្នុងការបំពេញការងាររបស់អង្គការនេះ និងបញ្ហាមួយទៀត គឺ ការងារក្រុម (ធ្វើតាមចង់) ហើយមិនសូវទទួលយកគំនិតរបស់ក្រុម​ តាមពិតចំណុចនេះ ខ្ញុំមិនបានធ្វើដូច្នេះទេ»

ដើម្បីទទួលបាននូវភាពយុត្តិធម៌ និងភាពស្អាតស្អំមកវិញ លោក ចាន់ វិចិត្រ បានសម្រេចប្តឹងមនុស្ស៣នាក់ ក្នុងនោះមានឈ្មោះ លោក អៀង វុទ្ធី នាយកគ្រប់គ្រងអង្គការសមធម៌កម្ពុជា លោក ផែន គឹម សុង ប្រធានកម្មវិធីឃ្លាំមើលការអភិវឌ្ឍន៍នៃអង្គការសមធម៌កម្ពុជា និងលោក ឈៀង ភា ប្រធានការិយាល័យធនធានមនុស្ស និងរដ្ឋបាលនៃអង្គការសមធម៌កម្ពុជា ដែលពាក់ព័ន្ធក្នុងរឿងបញ្ឈប់រូបលោក ពីការងារគ្មានមូលហេតុច្បាស់លាស់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដោយទារសំណងជំងឺចិត្តក្នុងម្នាក់១ម៉ឺនដុល្លារពីបទបរិហាកេរ្តិ៍។ នៅព្រឹកថ្ងៃទី៨ ខែសីហានេះ លោក ចាន់ វិចិត្រ បានចូលខ្លួនឆ្លើយបំភ្លឺនៅក្នុងសាលាដំបូងរាជធានីភ្នំពេញ ក្នុងបន្ទប់សវនាការទី៥ ដោយមានលោក កោ វណ្ណឌី ចៅក្រមជំនុំជម្រះ លោកតំណាងអយ្យការសាលាដំបូង រួមទាំងមេធាវី៤រូប របស់ចុងបណ្តឹងទាំង៣រូប (ឈរក្នុងរង្វង់ក្រចកសេះ) ដោយជំនុំជម្រះជាសាធារណៈផងដែរ។

នៅក្នុងសវនាការជំនុំជម្រះនោះ បានប្រើរយៈពេល៣ម៉ោង ហើយត្រូវបានលោកចៅក្រមបានកំណត់យកថ្ងៃប្រកាសសាលក្រមក្នុងករណីនេះ នៅម៉ោង២រសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះវិញ។ យ៉ាងណាក៏ដោយអង្គភាព Fresh News មិនទាន់អាចស្វែងរកការបកស្រាយពីប្រធានអង្គការមួយនេះ និងថ្នាក់ដឹកនាំ២នាក់ទៀតបាននោះនៅឡើយទេនៅរសៀលថ្ងៃដដែលនេះ៕