(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះ បានអញ្ជើញក្នុងពិធីបង្ហូតទង់អាស៊ាន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៤៩ នៃទិវាអាស៊ាន នាទីស្ដីការក្រសួងការបរទេស។

លោក ប្រាក់ សុខុន បានថ្លែងឱ្យដឹងថា បន្ទាប់ពីរយៈពេល៤៩ឆ្នាំ នៃការប្រឹងប្រែងបំពេញការងារ ប្រទេសជាសមាជិកបានធ្វើសមាហរណកម្មសហគមន៍អាស៊ាន សម្រេចបានសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍ ប្រកបដោយស្មារតីលះបង់។

លោកទេសរដ្ឋមន្រ្តីបានបន្ដថា «យើងមានការជឿរជាក់ជាខ្លាំងថា ទង់អាស៊ានដែលយើងកំពុងបង្ហូតនាពេលនេះ គឺតំណាងនូវនិម្មិតរូបនៃឯកភាព និងក្ដីសង្ឃឹម សម្រាប់ប្រជាជនអាស៊ាន ប្រមាណ៦២៨លាននាក់»។

ទោះជាយ៉ាងណា លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់គោលជំហអាស៊ានថា ប្រទេសសមាជិកទាំងអស់នឹងប្ដេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងទំនាក់ទំនងនៃសហគមន៍អាស៊ាន ឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំថែមទៀត ដើម្បីរួមចំណែករក្សាស្ថិរភាព និងវិបុលភាពភាព ទាំងក្នុងតំបន់ និងពិភពលោកទាំងមូល៕