(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះបានប្រតិកម្មទៅនឹងអ្នកលេង Facebook ដែលបានផ្សព្វផ្សាយបំភ្លៃថា សម្តេចតេជោដាច់សរសៃឈាមខួរក្បាល។ សម្តេចចាត់ទុកថា ការផ្សព្វផ្សាយបែបនេះ ជាការប្រមាថធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបាន។

ប្រតិកម្មរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅក្នុងពិធីតភ្ជាប់ស្ពានកោះធំ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះ បន្ទាប់ពីអ្នកលេង Facebook ម្នាក់ បានផលិតវីដេអូមួយដោយរាយការណ៍ថា សម្តេចតេជោ​ ហ៊ុន សែន បានដាច់សរសៃឈាមខួរក្បាល នៅផ្ទះក្បែរវិមានឯករាជ្យ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសិង្ហបុរី ហើយតាំងខ្លួនជាអ្នករាយការណ៍ដូចជា អ្នកព័ត៌មានអាជីព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «សុំផ្តាំទៅវិញទៅក្មួយ នេះជាអំពើបាប ជាការប្រមាថ សូមក្បួយយកចិត្តទុកដាក់អំពីសុខភាពខ្លួនឯង យកចិត្តទុកដាក់អំពីសុខភាពម្តាយ ជីដូនជីតខ្លួនឯងទៅ គ្រប់គ្រាន់ហើយ មិនបាច់យកចិត្តទុកដាក់ដល់ថ្នាក់ហ្នឹងពេក អំពីសុខទុក្ខនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះទេ»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា រហូតដល់ពេលនេះ សម្តេចមានសុខភាពរឹងមាំ ដែលអាចបើកយុទ្ធនាការចុះសួរសុខទុកប្រជាពលរដ្ឋ និងមន្រ្តីតាមខេត្តនានាបាន មិនតែប៉ុណ្ណោះ សម្តេចថែមទាំងអាចរាំញីកែងជើងបានទៀត។ សម្តេចថា រឿងដាច់សរសៃឈាមខួរក្បាលនេះ សម្តេចមិនមានពូជដៃសរសៃឈាមខួរក្បាលនោះទេ ហើយក៏មានមិនពូជ «ឡប់» នោះដែរ។

សម្តេចតេជោ បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំគ្មានពូជដាច់សរសៃឈាមខួរក្បាលទេ ហើយអាពូជឡប់នេះ ក៏អត់មានដែរ បើសិនជាអស់លោកឡប់ ក៏ឡប់គ្នាឯងចុះ កុំនាំខ្ញុំឡប់ ហើយកុំបំភ័យប្រជាពលរដ្ឋ»

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងអំពាវនាវម្តងហើយម្តងទៀត ឱ្យយុវជន និងអ្នកលេង Facebook ជៀសវាងនូវពាក្យជេរ ប្រមាថ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃ។ កន្លងមក ក៏មានករណីសកម្មជននយោបាយ នៃគណបក្សបានប្រឌិតរូបភាពប្រមាថសម្តេចតេជោ នៅលើបណ្តាញសង្គម Facebook នៅពេលដែលសម្តេចទៅពិនិត្យសុខភាព នៅប្រទេសសិង្ហបុរី កាលពីខែមករា ឆ្នាំ២០១៦។ សម្តេចនាយករដ្ឋមន្រ្តី បានជំរុញឱ្យសកម្មជននយោបាយទាំងនោះ ឆាប់កែប្រែអត្តចរឹតឡើងវិញ៕

សូមស្តាប់ប្រសាសន៍របស់សម្តេចតេជោ​ ហ៊ុន សែន៖