(ភ្នំពេញ)៖ សំណុំរឿង​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​៤រូប ​និង​អគ្គ​លេខា​ធិការ​រង ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​រូប​ ត្រូវ​បាន​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ បើក​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​៨​ ខែ​សីហា​នេះ​។

មន្ត្រី​សមាគម​អាដហុក​៤រូប​ មិន​មាន​វត្តមាន​នៅ​សាលាឧទ្ធរណ៍​នោះទេ​ តែ​លោក​ នី​ ចរិយា​ ត្រូវ​បាន​នាំ​ខ្លួន​មក​ចូលរួម​សវនាការ​។

​លោក​មេធាវី​ សំ​ សុគង់​ ធ្លាប់​​បាន​បញ្ជាក់​​ថា​ កម្មវត្ថុ​សំខាន់​នា​សវនាការ​នោះ​ គឺ​បណ្តឹង​សុំ​មោឃភាព​នីតិវិធី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។

លោក​មេធាវី​ថ្លែង​ថា​ ការដាក់​ពាក្យ​បណ្តឹងសុំ​មោឃភាព​នីតិវិធី​នេះ គឺ​ដោយសារតែ​សមត្ថកិច្ច និង​សាលាដំបូង​រាជធានី​ភ្នំពេញ អនុវត្ត​តួនាទី​របស់ខ្លួន ទៅលើ​មន្ត្រី​អាដហុក និង​មន្ត្រី​គជប មិន​សមស្រប​នឹង​ផ្លូវច្បាប់​។ ដូច្នេះ​ក្រុម​មេធាវី ស្នើ​ឲ្យ​សាលាឧទ្ធរណ៍ ច្រាន​ចោល​ នីតិវិធី​ទាំង​នេះ​។

​មន្ត្រី​អាដហុក​៤រូប​និង​មន្ត្រី​គជប​ ជាប់​ចោទ​ពី​បទ​សូកប៉ាន់​សាក្សី​ និង​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​ ដល់​​អ្នក​នាង​ ខុម​ ចាន់​តារ៉ាទី​ ហៅ​ស្រី​មុំ​ ដើម្បី​កុំឲ្យ​អ្នកនាង​និយាយ​ការ​ពិតប្រាប់​សមត្ថកិច្ច ​​ចំពោះ​រឿង​អាស្រូវ​ផ្លូវ​ភេទ​របស់​លោក​ កឹម​ សុខា​។

ក្រុម​ជនត្រូវចោទ​ទាំង​៥នាក់​ ត្រូវ​បាន​លោក​ ធាម​ ច័ន្ទ​ពិសិដ្ឋ​ ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២​ ខែ​ឧសភា​ ឆ្នាំ​២០១៦​ ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ ដើម្បី​រង់ចាំ​ការ​ស៊ើបអង្កេត​បន្ត​ទៀត​៕