(ភ្នំពេញ)៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៨ ខែសីហានេះ បានចេញសេចក្តីប្រកាសព័ត៌មាន២ផ្សេងគ្នា បញ្ជាក់ពីការខិតខំប្រឹងប្រែងជួយរំដោះពលករ ពលការិនីខ្មែរ ចំនួន៣រូប ដែលរងនូវការធ្វើបាប ឲ្យបានត្រឡប់មកដល់មាតុភូមិកំណើតវិញ ដោយសុវត្ថិភាព។

ពលករ-ពលការិនីទាំង៣រូប ដែលត្រូវបានជួយអន្តរាគមន៍នោះរួមមាន៖

១-ពលការិនី អ៊ុយ ប៊ុយ អាយុ២៦ឆ្នាំ ធ្វើការនៅប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ២០១០ ត្រូវបានគេបង្ខំឲ្យធ្វើការងារសំណង់ធ្ងន់ធ្ងរ ត្រូវបានក្រសួងជួយអន្តរាគមន៍ ឲ្យត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង៥រសៀល តាមជើងហោះហើរលេខ MH762។

២-ពលការិនី ផុន ធារី អាយុ២៥ឆ្នាំ ត្រូវបានមេខ្យល់នាំចូលទៅប្រទេសចិន កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ហើយបានទៅកាន់អគ្គកុងស៊ុលកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ សុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ពលការិនីរូបនេះ ត្រូវបានស្ថានអគ្គកុងស៊ុលកម្ពុជា សហការជាមួយអាជ្ញាធរចិន ជួយឲ្យបានត្រឡប់កម្ពុជាវិញ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦កន្លងទៅនេះ តាមជើងហោះហើរលេខ MU 759។

៣-ពលករ នួន បូណា កើតនៅឆ្នាំ១៩៦០ ក្នុងខេត្តក្រចេះ មានសិតិមិនល្អ ត្រូវបានអាជ្ញាធរទីក្រុង ហានចូវឃាត់ខ្លួន ហើយត្រូវបានស្ថានអគ្គកុងស៊ុលកម្ពុជា សហការជាមួយអាជ្ញាធរចិន ជួយឲ្យបានត្រឡប់កម្ពុជាវិញ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦កន្លងទៅនេះ តាមជើងហោះហើរលេខ MU 759៕