(ភ្នំពេញ)៖ សមាជិករដ្ឋសភារបស់អូស្រ្តាលីជាច្រើនរូប បានធ្វើជាលិខិតលើកទឹកចិត្តឲ្យតំណាងរាស្រ្តអូស្រ្តាលី លោក ហុង លីម ដែលមានដើមកំណើតខ្មែរ ធ្វើការសុំទោសជាសាធារណៈ នូវការប្រើពាក្យ​ប្រមាថដល់ជាតិសាសន៍របស់ខ្លួន នេះបើយោងតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងឲ្យយ៉ាងដូច្នេះ។​

លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ការលើកទឹកចិត្តរបស់សមាជិកសភាអូស្ត្រាលី​នេះ​ គឺជាការបង្ហាញមិនត្រឹមតែភាតរភាពប៉ុណ្ណោះទេ​ ក៏ប៉ុន្តរឹតតែពង្រឹង ទំនាក់ទំនង​ល្អ​ និងកិច្ចសហការជិតស្និទ្​ធរវាងប្រជាជាតិស៊ីវិល័យទាំងពីរ​ កម្ពុជា​-អូស្ត្រាលី។

អ្នកាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានរៀបរាប់យ៉ាងដូច្នេះថា «ខ្ញុំផ្ទាល់​ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងមូល​ រួមជាមួយនិងព្រះសង្ឃ គ្រប់ព្រះអង្គជាទីសក្ការ​: សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ​ គោរពជូន​សមាជិកសភាអូស្ត្រាលី​ទាំងអស់​ ដែលបានផ្តល់នូវការគោរពនៃសេចក្តីថ្លៃថ្នូរ ដល់ប្រជាជាតិយើងខ្ញុំ​ ដែលជារដ្ឋអធិបតេយ្យ​ និងជាសមាជិកអង្គការសហប្រជាជាតិ។ ខ្លួនខ្ញុំផ្ទាល់​ នឹងទូលថ្វាយលិខិតនេះ​ ជូនព្រះមហាក្សត្រជាទីសក្ការៈ​របស់យើងខ្ញុំ​ ក៏ដូចជាស្ថាប័នរដ្ឋដទៃទៀត»។  

លោកបានបន្តទៀតថា «ផលរំពឹងទុករបស់យើងខ្ញុំ​ គឺស្វែងរកគ្រប់មធ្យោបាយ​ ដើម្បីឲ្យលោក​ ហុង​ លីម​ ធ្វើការសុំទោសជាសាធារណៈឲ្យខានតែបាន​ ដោយខ្ញុំសង្ឃឹមថា​ សហគមន៍ខ្មែរ-អូស្ត្រាលី​ ដែលនៅគ្រប់ទីក្រុងក្នុងប្រទេសអូស្ត្រាលី​ ច្បាស់ជាបង្ហាញនូវជំហរ​ ដែលមិនចង់ឃើញការប្រមាថដល់មាតុ ប្រទេសរបស់ខ្លួន។​ ត្បិតរបបកម្ពុជាបច្ចុប្បន្ន​ គឺកើតចេញពីឆន្ទះរបស់មហាជនកម្ពុជា​ ដែលស្តែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ​។ ខ្ញុំក៏សង្ឃឹមផងដែរថា​ សហគមន៍ខ្មែរ-អូស្ត្រាលី​ នឹងមិនទទួល​ ឬគោរពនូវចរិត​ មិនថ្លៃថ្នូរ​របស់លោក​ ហុង​ លីម​ ឡើយ។ ខ្ញុំសូមអរគុណសារជាថ្មីម្តងទៀត»