(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដឹកនាំគណៈប្រតិភូត្រឡប់មកកម្ពុជាវិញហើយ នៅម៉ោងប្រមាណ ១០៖២០នាទីព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីបានបញ្ចប់ការចូលរួមវេទិកាមេដឹកនាំអាស៊ាន និងការទទួលពានរង្វាន់ «សមិទ្ធផលអា ស៊ានមួយជីវិត» នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កាលពីម្សិលមិញ។

សូមបញ្ជាក់ថា នៅក្នុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសឡាវនេះ បានសម្តែងការគួរសម និងសំណេះសំណាលទ្វេភាគី ជាមួយលោក ប៊ុនញ៉ាង វ៉រ៉ាជីត ប្រធានរដ្ឋ និង លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវផងដែរ។ ក្នុងជំនួបនោះមានការពិភាក្សាពីការរឹតបន្តឹងចំណងមិត្ត ភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមនិងភាពជោគជ័យ នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនា ខែកញ្ញា ខាងមុខ។

នៅក្នុងប្រទេសឡាវនារសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន ក្រៅពីចូលរួមវេទិកាមេដឹកនាំអាស៊ានលើកទី១៣ សម្តេចតេជោ ក៏បានឡើងទទួលពានរង្វាន់ «សមិទ្ធផលអាស៊ានមួយជីវិត» ពីវិទ្យាស្ថានយុទ្ឋសា ស្រ្ត និងភាពជាអ្នកដឹកនាំអាស៊ី ( Asian Strategy and Leadership Institute-ASLI)។

ក្នុងពេលឡើងទទួលពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា ពានរង្វាន់នេះ គឺជាមោទនភាពថ្មីមួយទៀតសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដែលបានរួមគ្នា ដើម្បីអភិវឌ្ឍន៍ជាតិ ក្នុងដូចជាចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍អាស៊ាន។

សម្តេចតេជោ ក៏បានយកឱកាសនោះប្តេជ្ញាចិត្តថា នឹងយកពេលវេលានៅសេសសល់ក្នុងជីវិតរបស់សម្តេចប្រឹងប្រែងធ្វើការងារ ដើម្បីបុព្វហេតុ ជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជាថែមទៀត។

ពានរង្វាន់សមិទ្ធផលអាស៊ានមួយជីវិត ត្រូវបានផ្តល់ដល់មេដឹកនាំទាំងឡាយណា ដែលបានចូលរួមចំណែកអភិវដ្ឍន៍ និងដឹកនាំអាស៊ានយូរ ជាងគេ។ មកទល់ពេលនេះ មានឥស្សរជនឆ្នើម ៤រូបហើយ ដែលទទួលបានពានរង្វាន់មួយនេះ រួមមាន៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា, លោក លី ក្វាន់យូ (Lee Kuan Yew) អតីតនាយករដ្ឋមន្ត្រី សឹង្ហបូរី លោក បណ្ឌិត មហាធៀរ មហាម៉ាត់ (Mohathir Mohamad) អតីតនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី និង ព្រះអង្គម្ចាស់ ស៊ុលតង់ ណាស្រ៊ីនសា នៃរដ្ឋបេរ៉ាក (Sultan Nazrin Shah) របស់ប្រទេសម៉ាឡេស៊ី៕