(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅម៉ោងប្រមាណ៤ទៀបភ្លឺ ថ្ងៃទី០៧ ខែសីហានេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅលើ​ស្ពាន​អាកាសស្ទឹង​មានជ័យ បង្កឡើងដោយរថយន្តដឹកទំនិញធុនធំមួយគ្រឿង បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវ។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា មូលហេតុដែលបង្កគ្រោះថ្នាក់នេះ ដោយសាររថយន្តដឹកទំនិញធ្ងន់ពេក មិនអាចឡើងស្ពានអាកាសស្ទឹងមានជ័យបាន ក៏រអិលថយក្រោយ បុកនឹងរបាំងទ្រូង​ផ្លូវតែម្តង។

យ៉ាងណាក៏ដោយគ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះទេ។ ចំណែកឯអ្នកបើកបររថយន្ត និងព្រូរថយន្ត បានគេចខ្លួនភ្លាមៗបន្ទាប់ពីមានហេតុការណ៍នេះ។

ក្រោយកើតហេតុនៅព្រឹកថ្ងៃដដែលនេះ សមត្ថកិច្ចជំនាញបានចុះទៅរៀបចំសណ្តាប់ធ្នាប់ និងចាត់ការតាមនីតិវិធី។

ចំពោះករណីនេះ ប្រជាពលរដ្ឋបានសម្តែងនូវក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការខូចខាតស្ពាន ផ្លូវ និងការបង្កគ្រោះថ្នាក់ជាយថាហេតុ ដែលអាចបង្កឡើងដោយរថយន្តដឹកទំនិញធុនធំ ផ្ទុកទំនិញលើស​ទម្ងន់នេះ។ ​ប្រជាពលរដ្ឋ បានសំណូមឲ្យសមត្ថកិច្ចជំនាញ និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស្វែងរកឲ្យឃើញម្ចាស់រថយន្តដែលដឹកទំនិញនេះ មកទទួលទោសតាមច្បាប់៕ ​