(ព្រះសីហនុ)៖ ក្រោយពីទទួលបានបទបញ្ជារបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើដំណើរការនៃការចែកអត្តសញ្ញាណប័ណ្ណនោះ នៅថ្ងៃទី០៦ខែសីហាឆ្នាំ២០១៦ នេះ កម្លាំងនគរ​បាល​តាមប៉ុស្តិ៍រដ្ឋបាលខេត្តព្រះសីហនុ បានបន្ត និងបង្កើនសកម្មភាពចុះចែកអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋដល់លំនៅដ្ឋានបានចំនួន១០៣ ផ្ទះ ស្មើនឹង១០៣សន្លឹក។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កន្លងមកនគរបាលខេត្តព្រះសីហនុ បានចុះទៅធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដល់ក្នុងភូមិ និងតាមលំនៅ​ដ្ឋាន ពិសេសពេលបុណ្យទានម្តងៗ ហើយលោកស្នងការ បានឲ្យមន្ត្រីជំនាញ​នាំយកឧបករណ៍បច្ចេកទេស ទៅធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋដល់វត្តអារាមតែម្តង។

សូមបញ្ជាក់ថា កាលពីអញ្ជើញចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៤៤ នាខេត្តកំពង់ស្ពឺ សម្តេចនាយករដ្ឋមន្រ្តី បានស្តីបន្ទោសខ្លាំងៗ ដល់កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចទាំងឡាយណា ដែលមិនបានយកអត្តសញ្ញាណប័ណ្ណទៅចែកជូនដល់ប្រជាពលរដ្ឋ នៅឯលំនៅដ្ឋានផ្ទាល់ ដោយរង់ចាំចំនួនច្រើន ទើបហៅមកជួបជុំហើយបានចែក។ សកម្មភាពទាំងនេះ មិនត្រឹមតែឲ្យនាយករដ្ឋមន្រ្តី សាទរនោះទេ ផ្ទុយទៅវិញមានតែស្អប់លើសដើម។

សម្តេចនាយករដ្ឋមន្រ្តី បានណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ចត្រូវយក​អត្តសញ្ញាណប័ណ្ណ ទោះមួយសន្លឹកក៏ដោយ ត្រូវជិះកង់ ឫជិះម៉ូតូយកទៅប្រគល់​ជូនគាត់ដល់ផ្ទះ ដើម្បីកុំឲ្យរំខានពេលវេលា និងការងាររបស់​ពួកគាត់៕