(ព្រះសីហនុ)៖ មុខសញ្ញាលួច ប្លន់ម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅតុលាការរហូតតុលាការ ឃុំដាក់ពន្ធនាគារ៣ដងហើយ តែជននេះនៅតែមិនរាង លុះពេលចេញមកវិញ បានបន្តសកម្មភាព​លួចម៉ូតូទៀត ក៏ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវតាមចាប់ខ្លួននៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦នេះ។

មន្រ្តីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅរសៀលថ្ងៃនេះ កម្លាំងការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ បានសហការជាមួយ​កម្លាំង​អធិការនគរបាលក្រុង​ព្រះសីហនុ​ ធ្វើការស្រាវជ្រាវ​សើុបអង្កេត​ ចាប់ជនសង្ស័យបាន​ម្នាក់ ពីបទចោរកម្ម​ (លូចម៉ូតូ)​ កាលពីវេលាម៉ោង​ ០៣​ទៀបភ្លឺថ្ងៃទី​៣ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិ០៤​ សង្កាត់៤​ ក្រុងព្រះសីហនុ​។

​មន្រ្តីនគរបាលបានបញ្ជាក់ទៀតថា ជនរងគ្រោះឈ្មោះ​ អាន​សារ៉េត​ ភេទប្រុស​ អាយុ៤០ឆ្នាំ​ មុខរបរ​ លក់ដូរ​ មានទីលំនៅ​ ភូមិ២​ សង្កាត់២​ ក្រុងព្រះសីហនុ​ ដោយឡែកជនសង្ស័យឈ្មោះ​ ទាវ​ ណាំរ័ត្ន​ ហៅ​ ពេន​ ភេទប្រុស​ អាយុ៣៦ឆ្នាំ​ មុខរបរគ្មាន​ ស្នាក់នៅស្នាក់នៅផ្ទះជួលភូមិ១​ សង្កាត់១​ ក្រុងព្រះសីហនុ​។

​បើតាមមន្រ្តីនគរបាល កន្លងមកជនសង្ស័យនេះ​ ធ្លាប់ជាប់ពន្ធធានាគា​ ចំនួន​ ៣លើក​រួមមាន៖
    -លើកទី១​ ចំនួន​ ៦ខែ​ ពីបទចោរកម្ម​
    -លើកទី២​ ចំនួន​ ៦ឆ្នាំ​ ពីបទប្លន់ប្រដាប់អាវុធ
    -លើកទី៣​ ចំនួន​ ៦ខែ​ ពីបទចោរកម្ម​។

ក្រោយការចាប់ខ្លួនកម្លាំងនគរបាលបានដកហូត  វត្ថុតាងដូចជា ម៉ូតូម៉ាកអ៌ែប្លែត​ សេរីឆ្នាំ២០១៣​ ១គ្រឿង​ (ផលចោរកម្ម​)។

ជនសង្ស័យរូបនេះ ត្រូវបានសួរនាំ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់។