(ភ្នំពេញ)៖ ក្នុងរយៈពេលតែមួយម៉ោងសោះ កម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជន​សង្ស័យ៦នាក់ ក្នុង២ករណី​ផ្សេងគ្នា ដោយដកហូត​បានថ្នាំញៀន​សរុប៥៤កញ្ចប់ និងវត្ថុតាងមួយ​ចំនួនទៀត។

លោក ម៉ន វុធី អធិការរងខណ្ឌ បានឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់​ អធិការនគរបាលខណ្ឌ ទើបលោកដឹកនាំកម្លាំងចេញប្រតិបត្តិការបង្ក្រាបតែម្ដង។

លោកអធិការង ​បន្ដថា ករណីទី១ នាម៉ោង៩៖៣០យប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ កម្លាំងអន្ដរាគមន៍ខណ្ឌ ឃាត់ខ្លួនបាន២នាក់ ដោយម្នាក់ជាអ្នកទិញ និងម្នាក់ជាអ្នកលក់ ដកហូតបានថ្នាំ៣កញ្ចប់ នៅចំណុចផ្លូវបេតុង ក្រោយហាង ST សំលាញ់ ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

លោក បញ្ជាក់ថាជនសង្ស័យដែលឃាត់ខ្លួនបានទី១-ឈ្មោះ​ សូរ សារត្ន័ ហៅអាប៊ូយ អាយុ៣៤ឆ្នាំ​ ជាអ្នកលក់ និងជនសង្ស័យទី២-ឈ្មោះ​ វ៉ាន វីវ៉ា អាយុ២២ឆ្នាំ។

លោក បន្ថែមថា ករណីទី២ បង្ក្រាបបាននាម៉ោង១០៖២០នាទី ​តាមបណ្ដាយផ្លូវជាតិលេខ៤ ម្តុំរោងចក្រតំឡើងម៉ូតូ Suzuki ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ឃាត់បានជនសង្ស័យ៤នាក់ ​ជនសង្ស័យទី១-ឈ្មោះសូរ សារ័ត្ន ហៅប៊ូនេះ ជាមេក្លោងជួញដូរ ទី២-ឈ្មោះ សិទ្ធ រាជ​ អាយុ២២ឆ្នាំ ទី៣-ឈ្មោះ ជឹម ស្រស់ អាយុ១៩ឆ្នាំ និងទី៤-ឈ្មោះ តឹដ ឌូ អាយុ២៧ឆ្នាំ។ ​

លោកអធិការរងបានបញ្ជាក់ថា ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងរបស់លោក បានដកហូត ឆ្នាំញៀនសរុប៥៤កញ្ចប់ និងម៉ូតូ Honda Dream C125 មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1FM-5432។

​បច្ចុប្បន្នជនសង្ស័យទាំងអស់ ត្រូវបានកម្លាំង​កសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ​ចាត់ការតាមផ្លូវច្បាប់៕