(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បន្ទាប់ពីបានអញ្ជើញដល់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នៅម៉ោងប្រមាណ ជា ៩៖២០នាទីព្រឹកហើយនោះ នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ដដែលនេះ សម្តេចតេជោ បានអញ្ជើញជួបសម្តែងការគួរសម  និងសំណេះសំណាលជាមួយប្រធានរដ្ឋសាធារណរដ្ឋប្រជាមានិតឡាវ លោក ប៊ុនញ៉ាង វរ៉ាចិត។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញទៅកាន់ទីក្រុង វៀងច័ន្ទ ដើម្បីចូលរួមវេទិកាភាពជាអ្នកដឹកនាំអាស៊ានលើកទី១៣។ ក្រៅពីចូលរួមវេទិកាភាពជាអ្នកដឹកនាំអាស៊ានហើយនោះ សម្តេច តេជោ ហ៊ុន សែន ក៏នឹងទទួលពានរង្វាន់សមិទ្ធផលអាស៊ានមួយជីវិតផងដែរ។

ពានរង្វាន់ «សមិទ្ធផលអាស៊ានមួយជីវិត» ត្រូវបានប្រគល់ជូនប្រមុខរដ្ឋាភិបាល ដែលបានបម្រើការងារយូរជាងគេក្នុងអាស៊ាន និងបានសាង់ស្នាដៃច្រើននៅក្នុងអាស៊ាន។ គិតមកដល់ពេលនេះ មានឥស្សរជនកិត្តិយស តែ ៣រូបប៉ុណ្ណោះ ដែលបាន ទទួលពានរង្វាន់នេះ រួមមាន លោក លី ក្វាន់យូ  (Lee Kuan Yew) អតីតនាយករដ្ឋមន្ត្រី សឹង្ហបូរី លោកមហាធៀរ មហាម៉ាត់ (Mohathir Mohamad) អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និង ព្រះអង្គម្ចាស់ ស៊ុលតង់ ណាស្រ៊ីនសា នៃរដ្ឋបេរ៉ាក (Sultan Nazrin Shah) របស់ប្រទេសម៉ាឡេស៊ី។

លោក ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ការផ្តល់រង្វាន់ «សមិទ្ធផលអាស៊ានមួយជីវិត» ជូនសម្តេចតេជោ  ហ៊ុន សែន នៅល្ងាចថ្ងៃទី០៦ ខែសីហា នេះ បន្ទាប់ពីមានការពិនិត្យឃើញថា សម្តេចតេជោ ជាមេដឹកនាំយូរជាងគេនៅក្នុងតំបន់អាស៊ាន។ ជាពិសេសសម្តេចតេជោ បានចូលរួមចំណែកច្រើនក្នុងការអភិវឌ្ឍតំបន់អាស៊ាន និងចូលរួមថែរក្សារសន្តិសុខ និងស្ថេរភាព នយោបាយនៅក្នុងតំបន់អាស៊ានទាំងមូលផងដែរ៕