(កណ្តាល)៖ លោកស្រី ឃួន សុដារី ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកលើកដែក ខេត្តកណ្តាល បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកទេសព្យាបាលជំងឺភ្នែកមួយក្រុមឈ្មោះថា «ក្រុមគ្រួពេទ្យសហគមគាំពារភ្នែកកម្ពុជាអន្តរជាតិ» ទៅ ពិនិត្យ និងព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋដល់មូលដ្ឋានដោយឥតគិតថ្លៃ។

ការពិនិត្យ និង ព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ បានធ្វើឡើងនៅទីស្នាក់ការគណបក្សស្រុកលើកដែក។ ក្រុមគ្រូ ពេទ្យព្យាបាលជំងឺភ្នែកនេះ សរុបជាង ២០នាក់ មកពីប្រទេសអូស្ត្រាលី និងមានកិច្ចសហការជាមួយគ្រូពេទ្យជំនាញឯកទេសព្យាបាល ជំងឺភ្នែកខ្មែរមួយចំនួនផងដែរ។

សកម្មភាពពិនិត្យ និងព្យាបាលជំងឺភ្នែករបស់ក្រុមគ្រូពេទ្យនេះ ធ្វើឡើងដោយការយកចិត្តទុកដាក់ខ្ពស់ជាមួយនឹងជំនាញ និងឧបករហ៍ ទំនើបដែលអាចជឿទុកចិត្តបាន។ ប្រជាពលរដ្ឋជាច្រើនរយនាក់ ក្នុងស្រុកលើកដែកដែលកើតមានជំងឺភ្នែកបានមកឲ្យក្រុមគ្រូពេទ្យពិនិត្យ និងព្យាបាលដោយការជឿទុកចិត្ត។

ក្រុមគ្រូពេទ្យសហគមគាំពារភ្នែកកម្ពុជាអន្តរជាតិនេះ បានឲ្យដឹងថា បើអ្នកជំងឺភ្នែកណាត្រូវព្យាបាលដោយវះកាត់ ក្រុមគ្រួពេទ្យនឹងនាំទៅ វះកាត់នៅមន្ទីរពេទ្យរុស្ស៊ីនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែសីហា និងនៅថ្ងៃ២២ ខែសីហា ឆ្នាំ២០១៦។ ចំពោះអ្នកជំងឺភ្នែក ដែលមិនត្រូវ ព្យាបាលដោយវះកាត់នោះ ក្រុមគ្រួពេទ្យសហគមន៍គាំពារភ្នែកកម្ពុជាអន្តរជាតិ បានយកចិត្តទុកដាក់ព្យាបាលភ្លាមៗនៅមូលដ្ឋានស្រុក ផ្ទាល់ដោយចែកជូនថ្នាំទៅតាមប្រភេទជំងឺភ្នែក ព្រមទាំងមានចែកវ៉ែនតាការពារជំងឺភ្នែកផងដែរ។

លោក ម៉ម សំណាង ប្រជាពលរដ្ឋរស់នៅស្រុកលើកដែកបានថ្លែងថា ភ្នែកគាត់បានជាសះស្បើយ ដោយសារបានការព្យាបាលពីក្រុមគ្រូ ពេទ្យនេះ។

ក្នុងឱកាសនោះលោកស្រី ឃួន សុដារី បានអរគុណដល់ក្រុមគ្រួពេទ្យសហគមន៍គាំពារភ្នែកកម្ពុជាអន្តរជាតិ ដែលបានយកចិត្តទុកដាក់ ពិនិត្យ និងព្យាបាលជំងឺភ្នែក ព្រមទាំងចែកវ៉ែនតាការពារជំងឺភ្នែកជូនប្រជាពលរដ្ឋស្រុកលើកដែកដោយឥតគិតថ្លៃ។

លោកស្រីប្រធានក្រុមការងារ ក៏បានជំរាបជូនប្រជាពលរដ្ឋមកព្យាបាលជំងឺភ្នែកនោះផងដែរថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន តែងយកចិត្តទុកដាក់ខ្ពស់ពីសុខភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស៕