(ភ្នំពេញ)៖ ថ្នាក់ដឹកនាំស្ថាប័នព័ត៌មានល្បីៗនៅក្នុងប្រទេសកម្ពុជា បានរួមគ្នាបង្កើត «សហភាពសហព័ន្ធអ្នកសារព័ត៌មាន (ស.ស.សក)» ក្នុងគោលបំណងជំរុញ និងពង្រឹងវិស័យព័ត៌មាននៅកម្ពុជាឲ្យកាន់តែល្អប្រសើរថែមទៀត។

ក្រុមថ្នាក់ដឹកនាំមកពីស្ថាប័នព័ត៌មានល្បីៗនៅកម្ពុជា បានជួបគ្នាចងក្រងសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ហើយនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦នេះ ពួកគេបានជួបជុំគ្នាជាថ្មីម្តងទៀត ដើម្បីរៀបចំចងក្រងនូវលក្ខន្តិកៈនានា។

លោក ហ៊ុយ វណ្ណៈ ទីប្រឹក្សាស្ថានីយ៍ទូរទស្សន៍ CTN CNC និង MYTV​ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានឲ្យដឹងថា ការរួមគ្នាបង្កើតសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដើម្បីជួយឲ្យសេរីភាពសារព័ត៌មាន សេរីភាពការសម្តែងមតិ និងការបោះពុម្ពផ្សាយកាន់តែបានល្អប្រសើរជាបន្តទៀត។

លោក ហ៊ុយ វណ្ណៈ បានបញ្ជាក់ក្នុងពិធីចងក្រងលក្ខន្តិកៈសហព័ន្ធអ្នកសារព័ត៌មានកម្ពុជានៅថ្ងៃនេះថា «សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នឹងដើរតួនាទីក្នុងការប្រមូលផ្តុំអ្នកសារព័ត៌មានគ្រប់ផ្នែក ដែលបម្រើការងារនៅស្ថានីយទូរទស្សន៍ វិទ្យុ កាសែត APP គេហទំព័រ ទស្សនាវដ្តី និងសមាគមអ្នកសារព័ត៌មាន បានរួមគ្នាកសាងភាពជាដៃគូ ទាំងក្នុងកម្រិតជាតិ និងកម្រិតអន្តរជាតិ ដើម្បីជួយចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក បណ្តុះបណ្តាលគ្នាទៅវិញទៅមក ជួយពង្រឹងក្រសីលធម៌វិជ្ជាជីវៈ ជួយពង្រឹងសមត្ថភាពវិជ្ជាជីវៈ ជួយគាំពារ និងការពារតួនាទីអ្នកសារព័ត៌មាន និងជួយដោះស្រាយបញ្ហាប្រឈម និងការលំបាករបស់អ្នកសារព័ត៌មាន»

ថ្នាក់ដឹកនាំស្ថាប័នព័ត៌មាន ដែលបានរួមគ្នាចងក្រង សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជានេះ​ ឡើងមានមកពីទូរទស្សន៍ CTN CNC MYTV BTV TV9 TV11 TV8 Hang Meas TV SEATV TV5 TV3 TVK NTV គេហទំព័រ-APP Fresh News សារព័ត៌មាន Khmer Times Phnom Penh Post និង Kampuchea Thmey ៕