(តូក្យូ)៖ ប្រទេសជប៉ុនបានសម្តែងការប្រឆាំងចំពោះការចល័តនាវាល្បាត និងទូកនេសាទរបស់ចិន នៅក្បែរប្រជុំកោះជម្លោះដែលចិនហៅថា Daoyu និង ជប៉ុនហៅ Senkaku នៅក្នុងដែនសមុទ្រចិនខាង កើត ព្រោះវាជាដែនទឹករបស់ជប៉ុន។ នេះបើតាមការចេញផ្សាយរបស់ Channel News Asia ដោយដកស្រង់សេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសជប៉ុន នៅមុននេះបន្តិច នារសៀលថ្ងៃសៅរ៍ ទី០៦ ខែសីហា ឆ្នាំ២០១៦។

ទោះបីជាប្រជុំកោះនោះត្រូវបានគ្រប់គ្រងដោយជប៉ុនក្តី ក៏ប្រទេសចិននៅតែអះអាងថាកោះនេះ ជាប្រជុំ កោះប្រវត្តិសាស្ត្ររបស់ខ្លួន ហើយជារឿយៗចិនតែងតែបញ្ជូននាវាល្បាតទៅក្បែរកោះ រួមជាមួយនឹង យន្តហោះឈ្លបទៀតផង។ ប៉ុន្តែនៅពេលនេះ វាជាលើកទីមួយដែលចិន បានធ្វើការចល័តទាំងនាវា ល្បាត និងទូកនេសាទមកព្រមគ្នាតែម្តង ដែលវាជាសញ្ញាបញ្ជាក់ថាទីក្រុងប៉េកាំងកំពុងតែព្យាយាមធ្វើការ បង្កើតឥទ្ធិពលរបស់ខ្លួន ទៅលើប្រជុំកោះ Senkaku ដែលជប៉ុនកាន់កាប់នេះហើយ។

ឆ្លើយតបជុំវិញបញ្ហានេះអនុរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Shinsuke Sugiyama បានកោះហៅ អគ្គរដ្ឋទូតចិនប្រចាំទីក្រុងតូក្យូ Cheng Yonghua មកសួរនាំ ហើយបានសម្តែងការប្រឆាំងយ៉ាងខ្លាំង ចំពោះរដ្ឋាភិបាលទីក្រុង ប៉េកាំង។ ទង្វើរបស់ចិនខាងលើនេះ បានកើតឡើងក្រោយពីការថ្លែងឡើងកាន់ តំណែងរបស់រដ្ឋមន្ត្រីការពារជាតិជប៉ុនថ្មី ដែលចិនហៅថាមិនបានទទួលស្គាល់ភាពពិតនៃប្រវត្តិសាស្ត្រ ដែលកងទ័ពជប៉ុនបានសម្លាប់ជនជាតិចិនជាច្រើននាក់ នៅអំឡុងសង្គ្រាមលោកលើទីពីរ៕