(ភ្នំពេញ)៖ ស្ថានីទូរទស្សន៍កងយោធពល ខេមរភូមិន្ទប៉ុស្ដិ៍លេខ៥ បានរៀបចំកម្មវិធីតាំងពិព័រណ៍ ផលិតផលនានា មានដូចជាមុខទំនិញ និងចំណីអាហារ មានគុណភាពខ្ពស់ ដោយក្នុងនោះ បានអញ្ជើញវត្តមានកំពូល​តារាចម្រៀងថៃដ៏ល្បីល្បាញលោក ​ទិកហ្ស៊ីរ៉ូ (Tik Shiro) ដែលត្រូវបានគេ​ស្គាល់ជា​ទូទៅថា ជាម្ចាស់បទ «ម៉ា ម៉ា ម៉ា ចយ កាន់ៗ» ​ដោយបានប៉ះជាមួយនឹង​កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត និងកញ្ញា សុខ ពិសី ធ្វើឲ្យកក្រើកឆាកតន្ត្រីប៉ុស្ដិ៍លេខ៥ ខណៈដែលទស្សនិកជនបានចូលរួមទស្សនា យ៉ាងច្រើនកុះករ នាល្ងាចថ្ងៃទី០៥ ខែសីហា នៅក្នុងបរិវេណ​សង្វៀន TIFFY ARINA ខណ្ឌជ្រោយចង្វា​​។

​បទចម្រៀងមនោសញ្ចេតនា និងញាក់កន្ត្រាក់អារម្មណ៍​ដ៏ពេញ​និយមជាច្រើនបទ របស់របស់តារាចម្រៀងទាំងបី​រូបខាងលើ បានបង្កើតឲ្យមានសំឡេងហ៊ោ​កញ្ជៀវ យ៉ាងកងរំពងពីអ្នកទស្សនា។ ​ការអញ្ជើញសិល្បករ​ល្បីឈ្មោះ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ឲ្យមកច្រៀងរួមគ្នាលើឆាកតែមួយនេះ គឺដើម្បីបង្កើតទស្សនីយ​ភាពប្លែកភ្នែក សម្រាប់ទស្សនិកជន។

លោក ហួង តារាមុន្នី ប្រធានផលិតកម្មវិធីកម្សាន្ត​​​នៅប៉ុស្ដិ៍លេខ៥ បានឲ្យដឹងថាលោក ទិកហ្ស៊ីរ៉ូ ត្រូវបានអញ្ជើញឲ្យ​បើកឆាកការប្រគំតន្ត្រី ដោយសារតែមើលឃើញថា លោកល្បី​ឈ្មោះ​នៅក្នុងប្រទេសថៃ និងជាតារាម្នាក់​នៅកម្ពុជា​ ក៏ស្គាល់តារារូបនេះច្រើន។

លោកបានបន្តថា តារាចម្រៀងថៃរូបនេះ គ្រាន់តែជាតារាចម្រៀងម្នាក់ ក្នុងចំណោមតារាល្បីរបស់ថៃ ដែលត្រូវបង្ហាញខ្លួនតាមរយៈ​ការអញ្ជើញ របស់ប៉ុស្ដិ៍លេខ៥ប៉ុណ្ណោះ។ ដោយសារតែពេលបន្តបន្ទាប់ គឺប៉ុស្ដិ៍លេខ៥ សម្រេចធ្វើការប្រគំតន្ត្រី អមដោយការតាំងពិព័រណ៌រៀងរាល់មួយខែម្ដង នៅរៀងរាល់ថ្ងៃសុក្រដើមខែ រហូតដល់ដាច់ឆ្នាំ​២០១៦ ហើយកំណត់ចំណាយប្រាក់អញ្ជើញ តារាថៃល្បីឈ្មោះម្នាក់​​ ឬ​២នាក់ឲ្យមកច្រៀងអម ជាមួយកំពូលតារាចម្រៀងរបស់ខ្មែរ។

​ដោយឡែក តារាចម្រៀង និងតារាសម្តែង ​Tik Shiro​ ដែលប្រជាជនខ្មែរធ្លាប់បានស្គាល់ តាមរយៈការសម្តែងខ្សែភាពយន្ត ជាយូរមកហើយនោះ បានញ្ជាក់ថា លោកពិតជាមានអារម្មណ៍រំភើបរីករាយ ក្នុងការបានធ្វើដំណើរមកកាន់កម្ពុជាជាថ្មី កាលពីថ្ងៃទី០៥ ខែសីហា នេះ ដើម្បីបានច្រៀងរួមជាមួយនឹង​សិល្បករកម្ពុជា។ លោកបន្តថា នេះគឺជាលើកទី៤ ហើយ ដែលលោកបានមកកម្ពុជា ទាំងការច្រៀង និងដំណើរកម្សាន្ត។ លោកពិតជាសប្បាយចិត្តណាស់ ជាពិសេសនៅពេលដែលឃើញ អ្នកទស្សនាជាជនជាតិខ្មែរស្គាល់​បទចម្រៀង​របស់លោក និងបានស្រែកហ៊ោជាការគាំទ្រយ៉ាងច្រើនកុះករ។​

សូមបញ្ជាក់ថា កំពូលតារាចម្រៀង ទិកហ្ស៊ីរ៉ូ (Tik Shiro) បានប្រឡូកអាជីពចម្រៀង និងសម្ដែងរឿងប្រមាណ​ជា៣០ឆ្នាំហើយ ដោយកាលពី១៥ឆ្នាំមុន លោក​ក៏បានទទួលពាន​ជាតារាសម្ដែងប្រុសឆ្នើម ប្រចាំប្រទេសថៃ អមដោយការទទួលស្គាល់ថា ជាតារាចម្រៀងលំដាប់ជួរមុខម្នាក់ អស់រយៈពេលច្រើនឆ្នាំនោះផង។ ស្ថិតក្នុងវ័យ៥៥ឆ្នាំ លោក ទិកហ្ស៊ីរ៉ូ នៅតែមានសកម្មភាពខ្លាំង នៅក្នុងពិភពចម្រៀង បើទោះជាការចេញបទថ្មី នៅមិនសូវមានច្រើន​ដូចពេលមុនក្ដី៕