(ភ្នំពេញ)៖ សមត្ថកិច្ចនាយកដ្ឋាន​ប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី អ៊ុំ ម៉ូនី អនុប្រធាននាយកដ្ឋាន​ប្រឆាំងបទល្មើសសេដ្ឋកិច្ច និងជាប្រធានក្រុមប្រតិបត្តិការ ប្រចាំរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦នេះ បានដុតបំផ្លាញចោល នូវសាច់ចិញ្ច្រាំ និងថ្លើមមាន់ខូចគុណភាព ជិត១តោន ​ដែលបង្រ្កាបបាន កាលពី​ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦។

លោក ឧត្តមសេនីយ៍ត្រី អ៊ុំ ម៉ូនី បានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង​១០៖៣០នាទី កម្លាំងនាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការបង្រ្កាបជាក់ស្តែង នូវរថយន្តមួយគ្រឿង ម៉ាក VEGO ស្លាកលេខ 2J-1258 ដឹកជញ្ជូនសាច់ចិញ្ច្រាំ ចំនួន៧កេស ទំងន់៣០០គីឡូក្រាម និង​ថ្លើមមាន់៨កេស ទំងន់ប្រហែល៣០០គីឡូក្រាម នៅចំណុច ផ្លូវលេខ៣១០ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោកបន្តថា ដោយពិនិត្យឃើញថា សាច់ទាំងអស់នេះ ខូចគុណភាព មិនអាចរក្សាទុកបាន ទើបសមត្ថកិច្ច នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសម្រេចដុត កំទេចចោល នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦នេះ នៅទីលានចាក់សំរាម បឹងជើងឯក សង្កាត់ដង្កោ ខណ្ឌដង្កោ។ ប្រតិបត្តិការខាងលើនេះ គឺជាយុទ្ធនាការ ដើម្បីជួយសង្រ្គោះការចរាចរ នាំចូលសាច់ខូចគុណភាព ដែល​នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច តែងតែបង្រ្កាប​ជាប្រចាំ​ដូចភ្លៀងរលឹម។

សម​ត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច សូមអំពាវនាវដល់អាជីវករ ក៏ដូចជា​ឈ្មួញនាំចូលសាច់ និង គ្រឿងក្នុងសត្វគ្រប់ប្រភេទ សូមពិនិត្យទៅលើគុណភាព ឲ្យបានល្អ ជៀសវាងប៉ះពាល់សុខភាព របស់បងប្អូនប្រជាបលរដ្ឋ ពេលទិញ ឫជាវ​មកបរិភោគ៕