(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីកម្ពុជាទៅចូលរួមក្នុង វេទិកាភាពជាអ្នកដឹកនាំអាស៊ានលើកទី១៣ នៅប្រទេសឡាវ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់ទី០៧ ខែសីហានេះតបតាមការអញ្ជើញរបស់លោក តាន់ ម៉ៃឃិល​ យ៉ូស ប្រធានវេទិកាភាពជាអ្នកដឹកនាំអាស៊ាន និងជានាយកប្រតិបត្តិនៃវិទ្យាស្ថានយុទ្ធសាស្រ្ត និងភាពជាអ្នកដឹកនាំអាស៊ី។

នៅក្នុងឱកាសចូលរួមក្នុងវេទិកាភាពជាអ្នកដឹកនាំអាស៊ានលើកទី១៣នេះ សម្តេចតេជោ ហ៊ុន សែន នឹងត្រូវបានផ្តល់កិត្តិយសដោយការផ្តល់ ពានរង្វាន់ «សមិទ្ធផលអាស៊ានមួយជីវិត» ដែលនឹងប្រគល់ជូនដោយលោក តាន់ ស្រ៊ី ម៉ៃឃិល យ៉ូស (Thongloun SISOULith) បន្ទាប់មកសម្តេចតេជោ នឹងថ្លែងសុន្ទរកថាពិសេសមួយ។

សូមជំរាបថា ពានរង្វាន់ពិសេស និងសារៈសំខាន់បំផុតនេះ ត្រូវបានផ្តល់ជូបប្រមុខរដ្ឋាភិបាលដែលបានបំរើការងារយូរជាងគេនៅក្នុងអាស៊ាន។ គិតមកដល់ពេលនេះ មានឥស្សរជនកិត្តិយសតែ៣រូបប៉ុណ្ណោះ ដែលបានទទួលពានរង្វាន់នេះរួមមាន៖ លោក លី ក្វាន់យូ (Lee Kuan Yew) អតីតនាយករដ្ឋមន្រ្តីសឹង្ហបុរី, លោក មហាធៀ ម៉ូហាម៉េដ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងព្រះអង្គម្ចាស់ ស៊ុលតង់ ណាសរវីន (Sultan Nazin Shah) នៃរដ្ឋប៉េក៉ាយ របស់ប្រទេសម៉ាស៕